2026-04-29 21:31
45

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងអធិការខណ្ឌបានសហការចុះប្រតិបត្តិការតាមចាប់មុខសញ្ញាជនសង្ស័យបាន ចំនួន ៣នាក់ ពាក់ព័ន្ធករណី «ឆាតរកសេវាផ្លូវភេទ រួចជំរិតទារប្រាក់» ភេទទី៣ម្នាក់ នៅសណ្ឋាគារ។

ឧត្តមសេនីយ៍​ឯក ជួន ណារិន្ទ នៅយប់ថ្ងៃទី២៩ ខែមេសានេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចការិយាល័យជំនាញព្រហ្មទណ្ឌ និងអធិការខណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ តាមចាប់មុខសញ្ញាបាន ចំនួន ៣នាក់ ក្នុងករណីឆាតរកសេវាផ្លូវភេទ រួចចាប់ជំរិតទារប្រាក់លើភេទទី៣ ក្នុងសណ្ឋាគារមួយក្នុងខណ្ឌបឹងកេងកង កាលយប់ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៦ កន្លងមក។

លោកស្នងការបានបញ្ជាក់ថា «ក្រុមជនសង្ស័យនេះមិនមែនធ្វើសកម្មភាពតែម្តងទេ គឺធ្លាប់ធ្វើសកម្មភាពបែបនេះលើស្រ្តីរកសេវាផ្លូវភេទជាច្រើនករណីមកហើយមុនពេលត្រូវបានចាប់ខ្លួន»

សូមជម្រាបថា ជនរងគ្រោះភេទទី៣ម្នាក់ បានអះអាងថា ខ្លួនត្រូវបានបុរសជនជាតិចិនម្នាក់ ទំនាក់ទំនងតាមឆាតហៅទៅដេកនៅក្នុងសណ្ឋាគារមួយ ក្នុងខ្លួនតម្លៃ ២០០ ដុល្លារ ស្រាប់តែទៅដល់ក្នុងបន្ទប់សណ្ឋាគារ ក៏មានជនជាតិចិនពីរនាក់ផ្សេងទៀត បានព្រួកគ្នាធ្វើសកម្មភាពចងដៃចងជើងវាយប្លន់យកលុយ ចំនួន ៨០០ ដុល្លារ នៅម្តុំផ្លូវ ៣១០ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ក្រោយពេលកើតហេតុជនរងគ្រោះភេទទី៣ និងមិត្តភ័ក្ត បានអំពាវដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធស្វែងរកយុត្តិ​ធម៌សម្រាប់រូបគេ និងស្នើសុំទៅកាន់សមត្ថកិច្ចស្វែងរកតាមចាប់ខ្លួននៅជនដៃដល់ដៃជាជនជាតិចិនទាំងបីនាក់យកមកធ្វើការផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការនគរបាលខណ្ឌ និងម្ចាស់សណ្ឋាគារ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យបាន និងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕