2026-05-01 10:08
21

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីស្ថានភាពព្រះរាជសុខភាពរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថាមានភាពល្អប្រសើរឡើងជាលំដាប់ បន្ទាប់ពីព្រះអង្គបានទទួលការវះកាត់ និងព្យាបាលប្រកបដោយជោគជ័យ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរទីក្រុងប៉េងកាំងប្រទេសចិន។

យោងតាមខ្លឹមសារនៃសេចក្តីប្រកាស បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានទទួលការពិនិត្យ និងព្យាបាលព្រះរោគយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលពីរស្រប្តាហ៍កន្លងមកនេះ។ ដោយពិនិត្យឃើញថាព្រះរាជសុខភាពមានការរីកចម្រើនល្អ ក្រុមគ្រូពេទ្យបានថ្វាយការអនុញ្ញាតឱ្យព្រះអង្គយាងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះតែម្តង។

ទោះជាយ៉ាងណា ព្រះអង្គមិនទាន់យាងត្រឡប់មកមាតុភូមិវិញភ្លាមៗនោះទេ ដោយសេចក្តីប្រកាសបានបញ្ជាក់ថា៖

  • ព្រះអង្គនឹងបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំងមួយរយៈពេលបន្តទៀត។
  • ការបន្តគង់ប្រថាប់នេះ គឺដើម្បីឱ្យក្រុមគ្រូពេទ្យបន្តតាមដានព្រះរាជសុខភាព ថ្វាយព្រះឱសថ និងថែទាំឱ្យបានពេញលេញបន្ថែមទៀត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេបានសម្តែងនូវព្រះរាជហឫទ័យអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលតែងតែថ្វាយព្រះពរ និងបួងសួងសុំឱ្យព្រះអង្គឆាប់រឹងប៉ឹងឡើងវិញ។

គួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងចំថ្ងៃដែលព្រះអង្គយាងចេញពីមន្ទីរពេទ្យ ដែលនាំមកនូវក្តីរីករាយយ៉ាងខ្លាំងដល់ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស៕