2023-07-08 09:07
765

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ​​នេះ ជាថ្ងៃគម្រប់ខួបលើកទី ៦ឆ្នាំ ដែល «ប្រាសាទ​សំបូរ​ព្រៃ​គុក​» របស់កម្ពុជាត្រូវបានសម្រេច​ដាក់​បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ដែលធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំកំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ (UNESCO) ដែល​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ១២ កក្កដា មាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍​។ 

សូមជម្រាបថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាខួប ៦ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២៣) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ​។ 

ទីតាំងភូមិសាស្ត្រ «ប្រាសាទសំបូរព្រៃគុក» ​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ។ក្រោយ​ពីចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោករបស់គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ (UNESCO) តំបន់នេះបាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​ដែលមានចំងាយប្រមាណជាង ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ 

ប្រាសាទសំបូរព្រៃគុក គឺជារាជធានីចាស់បុរាណឈ្មោះថា «ឥសានបុរៈ» ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយមដែលសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។ 

ក្រោយពីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក «ប្រាសាទ សំបូរព្រៃគុក ជាទីទេសចរណ៍បរិស្ថាន វប្បធម៌ប្រវត្តិសាស្ត្រ ក្នុងប្រទេសកម្ពុជា» ទាក់ទាញនូវទេសចរជាតិ និងអន្តរជាតិ ទាំងទេសចរណ៍កម្សាន្ត ការទស្សន:កិច្ចសិក្សាស្រាវជ្រាវ លក្ខណ:បុគ្គល គ្រួសារ មិត្តភ័ក្រ្ត ជាក្រុម ស្ថាប័ន អង្គការនានា ក្នុងការទទួលបានចំណាប់អារម្មណ៍ចំពោះភ្ញៀវជាតិ និងអន្តរជាតិសម្រាប់ការទស្សនាតំបន់ប្រវត្តិសាស្ត្រមួយនេះ។ ប្រាសាទសំបូរព្រៃគុក មិនត្រឹមតែមរតកវប្បធម៌ជាតិ ជាសម្បត្តិមនុស្សជាតិផងដែរ ជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុកសម្រាប់ការអប់រំគ្រប់ជំនាន់។

ទន្ទឹមនឹងនោះផងដែរតំបន់នេះសម្បូរយ៉ាងច្រើននូវសក្ដានុពលធនធានធម្មជាតិ មានដើមឈើធំៗជាច្រើននិងកម្រៗផងដែរ សត្វព្រៃ ជីវ:ចម្រុះ ដែលជាទស្សនីយភាពសម្រាប់ទេសចរណ៍មកទទួលបរិយាកាសភាពស្រស់ស្រាយ ចំណេះដឹង ទាំងមរតកវប្បធម៌ ទំនាក់ទំនងមនុស្ស ការថែរក្សាអភិរក្សវប្បធម៌ប្រពៃណីជាតិ និងបរិស្ថានសង្គម-វប្បធម៌នានា។

យោងតាមសាវតាប្រវត្តិសាស្រ្ត «ប្រាសាទសំបូរព្រៃគុក» កសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស.។ បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះ បានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។

សូមបញ្ចាក់ថា «ប្រាសាទសំបូរព្រៃគុក» ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១តែម្តង៕