2023-09-17 16:13
540

ភ្នំពេញ៖ តាមការគ្រោងទុក ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងពិភាក្សាការងារមួយចំនួនផងដែរ។ 
   នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលបណ្តាញសារព័ត៌មានយើងទទួលបាន។ 
តាមប្រភពដំណឹង បានឲ្យដឹងថា ដោយតបតាមការញ្ជើញរបស់ លោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទីក្រុងបាងកក រយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។  
  នៅក្នុងឱកាសទស្សនកិច្ចការងារនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងផុសផុលអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើគ្រប់វិស័យ ដូចជា នយោបាយ, សន្តិសុខ, សេដ្ឋកិច្ច ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍, ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាដើម។ 
ទន្ទឹមនឹងនេះដែរ ក្នុងកិច្ចពិភាក្សាការងារភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

     ក្នុងជំនួបទ្វាភាគីការទូតរវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសថៃ ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ៕