2023-11-27 16:23
570

ពិត​ណាស់​ថា​មនុស្ស​យើង​គ្មាន​អ្នក​ណា​ម្នាក់​មិន​ចង់​បាន​សុខ​ភាព​ល្អ​នោះ​ទេ តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​អនុវត្ត​បាន​ទម្លាប់​ល្អ​ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅ​រឹង​មាំ​នោះ​ទេ​។ ទម្លាប់​មួយ​ចំនួន​ថ្វី​ដ្បិត​​តែ​មើល​ទៅ​សាមញ្ញ តែ​មនុស្ស​មិន​តិច​នាក់​​ទេ​មិន​អាច​ធ្វើ​បាន ជាហេតុ​នាំ​ឲ្យ​សុខភាព​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ តើ​ទម្លាប់​អ្វី​ខ្លះ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​សុខភាព​ល្អ?

១. ញ៉ាំ​អាហារ​ពេល​ព្រឹក​​

 វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​មាន​អ្វី​ទ្រាប់​ពោះ​នៅ​ពេល​ព្រឹក ដើម្បី​មាន​ដំណើរ​ការ​មេតាប៉ូលិស និង​ចៀសវាង​​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​បន្ទាប់​។ ការ​សិក្សា​មួយ​ចំនួន​បាន​ក​ឃើញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​អ្នក​មិ​ញ៉ាំ ហើយ​កូន​ក្មេង​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប្រឡង​បាន​លទ្ធផល​ល្អ​ជាង​ក្មេង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​។

២. មាន​ផែនការ​អាហារ​

 ការ​ចេះ​រៀប​ចំ​ផែន​ការ​អាហារ នឹង​ជួយ​យើង​សន្សំ​បាន​ទាំង​ថវិកា និង​ពេល​វេលា​។ ការ​គិត​ទុក​មុន​ថា​ត្រូវ​ញ៉ាំ​អ្វី អាច​ជួយ​យើង​ដឹង​ថា​អាហារ​ណា​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ។ ដូច​ជា​យើង​ចង់​ស្រក​ទម្ងន់ យើង​ត្រូវ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ផ្អែម ខ្លាញ់ និង​កាបូអ៊ីដ្រាត ឬ​បើ​យើង​ត្រូវ​ការ​វីតាមីន​បន្ថែម យើង​ក៏​បាន​ដឹង​មុន​ដូច​គ្នា​។ ការ​មាន​ផែនការ​អាហារ ជួយ​ឲ្យ​យើង​អាច​គ្រប់​គ្រង​របប​អាហារ​បាន​ត្រឹម​ត្រូវ​។

៣. គេងបានគ្រប់គ្រាន់

 ការគេងបានស្កប់ស្កល់មានប្រយោជន៍ច្រើនដល់សុខភាព ដូចជាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ មានការផ្ដោតអារម្មណ៍បានល្អ និងអាចជួយឲ្យយើងរៀនអ្វីថ្មីបានលឿនផងដែរ។ មួយវិញទៀត ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យយើងបន្ថយហានិភ័យកើតជំងឺបេះដូងទៅថ្ងៃមុខផងដែរ។ ក្នុងមួយយប់ យើងគួរគេងឲ្យបានចន្លោះពីប្រាំពីរ ទៅប្រាំបួនម៉ោង។

៤. ផឹកទឹក​គ្រប់គ្រាន់​

 ការ​ផឹក​ទឹក​បាន​ច្រើន​​មិន​ត្រឹម​តែ​ជួយ​រក្សា​រាង​កាយ​មិន​ឲ្យ​ខ្វះ​ជាតិ​ទឹក​នោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ​។ គ្នា​យើង​កុំ​គិត​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​អាច​ជំនួស​ទឹក​បាន​នោះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​មិន​មែន​តែ​ការ​ផឹកទឹក​តែ​មួយ​មុខ​នោះ​ទេ តែ​យើង​អាច​ញ៉ាំ​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ក្រូច ឪឡឹក ឬ​ត្រសក់​បន្ថែម ដើម្បី​បំពេញ​ជាតិ​ទឹក​ដែរ​។​​​​​​​

​៥. មិន​ជក់​បារី

 បើ​សិន​ជា​យើង​ជា​អ្នក​ជក់​បារី គួរ​បញ្ឈប់​ទៅ​ដើម្បី​សុខភាព​របស់​យើង​។ ការ​ឈប់​ជក់បារី នឹង​ជួយ​ឲ្យ​សុខ​ភាព​យើង​បាន​ល្អ​ឡើង​វិញ ព្រោះ​ថា​រាងកាយ​យើង​នឹង​ជួសជុល​ការ​ខូច​បាន​បាន​លឿន​។ គ្នា​យើង​នឹង​ទេ​ថា គ្រាន់​តែ​២០​នាទី​ក្រោយ​ពី​យើង​ឈប់​ជក់​បារី ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​របស់​យើង​ក៏​ចាប់ផ្ដើម​ធ្លាក់​ចុះ​ដែរ​។ កុំ​នៅ​ចាំ​អី​ទៀត ឆាប់​ផ្ដាច់​បារី បើ​គ្នា​យើង​ធ្វើ​មិន​បាន គ្រូពេទ្យ​អាច​ជួយ​ណែនាំ​យើង​បាន​។

៦. ហាត់ប្រាណ

 ពេលនិយាយដល់រឿងហាត់ប្រាណ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់សុខភាព គឺពិតជាអាចធ្វើបាន។ ការហាត់ប្រាណដូចជារត់ រាំ ឬជិះកង់សុទ្ធតែមានប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ បើសិនជាយើងមិនចង់រត់ ឬជិះកង់ យើងអាចចំណាយពេលដើរប្រហែល៣០នាទីក្នុងមួយថ្ងៃ ក៏មានប្រយោជន៍ចំពោះសុខភាពដូចគ្នា។

\