2024-02-07 11:44
340

រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងរឿងក្ដីក្ដាំយ៉ាងច្រើនបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក ខណៈឥឡូវនេះ សាលាឧទ្ធរណ៍រដ្ឋធានីវ៉ាស៊ីនតោន បានសម្រេចចេញសាលក្រម ថា លោក ដូណាល់ ត្រាំ មិនមានអភ័យឯកសិទ្ធិរួចផុត អំពីការចោទប្រកាន់ ពាក់ព័ន្ធនឹងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២០ ក្រោយពេលបាញ់ប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា  អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជាញឹកញាប់ ថា គាត់មានអភ័យឯកសិទ្ធិ គេចផុតអំពីការចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ជុំវិញសកម្មភាពនានា ដែលគាត់បានប្រព្រឹត្ត នៅក្នុងអំឡុងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ 

ផ្ទុយទៅវិញ តុលាការរដ្ឋធានីវ៉ាស៊ីនតោន បានសម្រេចចេញសាលក្រម បដិសេធចោលនូវការអះអាងរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។រឿងក្ដីក្ដាំនេះ កំពុងតែធ្វើឲ្យលោក ដូណាល់ ត្រាំ ឈឺក្បាលជាថ្មី ខណៈគាត់កំពុងតែបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ចៅក្រមទាំង៣រូប នៃសាលាឧទ្ធរណ៍រដ្ឋធានីវ៉ាស៊ីនតោន  បានបញ្ជាក់ ថា «យើងមិនអាចទទួលយក ចំពោះការអះអាងរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ  ជុំវិញការលើកឡើង ថា ប្រធានាធិបតីមានសិទ្ធិអំណាចគ្មានព្រំដែន ដើម្បីប្រព្រឹត្តបទព្រហ្មទណ្ឌ រហូតអាចបំផ្លាញដល់ គោលការណ៍ត្រួតពិនិត្យអំណាចនីតិប្រតិបត្តិ ការទទួលស្គាល់ និង អនុវត្តតាមលទ្ធផលបោះឆ្នោត»។

សាលាឧទ្ធរណ៍រដ្ឋធានីវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ ថា  អភ័យឯកសិទ្ធិការពារលោក ដូណាល់ ត្រាំ ខណៈកំពុងតែកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ប៉ុន្ដែអភ័យឯកសិទ្ធិ មិនអាចបន្តការពារគាត់ គេចផុតពីការចោទប្រកាន់ ខណៈគាត់បានព្យាយាមកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ២០២០បាននោះឡើយ។ រីឯសាលក្រមនេះ នៅតែទុកផ្លូវឱ្យអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្ដឹងជំទាស់ទៅកាន់តុលាការកំពូលសហរដ្ឋអាមេរិក ដោយមិនបានអនុវត្តភ្លាមៗនោះទេ៕