2024-02-09 10:23
339

(កៀវ)៖ ប្រមុខកងទ័ពអ៊ុយក្រែន លោកនាយឧត្តមសេនីយ៍ Valery Zaluzhny ត្រូវបានលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ដកចេញពីតំណែង ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ដែលនេះគឺជាផ្លាស់ប្ដូរតំណែងថ្នាក់ដឹកនាំយោធាដ៏ធំបំផុតមួយរបស់ទីក្រុងកៀវ ចាប់តាំងពីការឈ្លានពាន របស់រុស្ស៉ីអស់រយៈពេលជិត ២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Zaluzhny បានដឹកនាំកងទ័ពអ៊ុយក្រែនយកឈ្នះលើកងទ័ពរុស្ស៉ី នៅក្នុងសមរភូមិជាច្រើននៅប៉ុន្មានខែដំបូងនៃសង្រ្គាម។ ប៉ុន្តែការបរាជ័យ ក្នុងប្រតិបត្តិការវាយបកកាលពីរដូវក្ដៅកន្លងទៅនេះ រួមទាំងការខ្វែងគំនិតគ្នាជាសាធារណៈជាមួយលោក ហ្សេលេនស្គី បានធ្វើឱ្យប៉ះពាល់ដល់ ប្រជាប្រិយភាពរបស់លោកក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីអ៊ុយក្រែន។

ក្នុងសេចក្ដីថ្លែងការណ៍មួយ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) យើងបាន ពិភាក្សាគ្នាប្រកប ដោយភាពស្មោះត្រង់អំពីភាពចាំបាច់នៅក្នុងកងទ័ព គឺការផ្លាស់ប្ដូរជាបន្ទាន់។ ខ្ញុំបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Zaluzhny បន្តស្ថិតនៅ ជាផ្នែកមួយនៃក្រុមការងាររដ្ឋអ៊ុយក្រែន ហើយខ្ញុំពិតជាពេញចិត្តណាស់ចំពោះការយល់ស្របរបស់លោក»។

គួរបញ្ជាក់ថា ការប្រកាសដោយផ្ទាល់របស់លោក ហ្សេលេនស្គី បានបិទបញ្ចប់ការសង្ស័យ និងពាក្យចចាមអារ៉ាមជាច្រើនសប្ដាហ៍មកនេះជុំវិញការដកតំណែង លោក Zaluzhny។ បើតាមលោក ហ្សេលេនស្គី លោក Oleksandr Syrsky ដែលជាមេបញ្ជាការអ៊ុយក្រែនម្នាក់ដឹកនាំប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ី ក្នុងតំបន់ Kharkiv កាលពីឆ្នាំ២០២២ នឹងត្រូវឡើងកាន់តំណែងជំនួសលោក Zaluzhny ក្នុងនាមជាប្រមុខកងទ័ពអ៊ុយក្រែន៕