2024-02-16 12:55
410

(បេរូត)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហេសប៊ូឡា បានអះអាងពីការបាញ់             រ៉ុក្កែតរាប់សិបគ្រាប់ ទៅកាន់ទីប្រជុំជនភាគខាងជើងរបស់អ៊ីស្រាអែល ហើយថាជាការឆ្លើយតប បឋមចំពោះការសម្លាប់ជនស៊ីវិល ១០នាក់នៅភាគខាងត្បូងលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

ថ្មីៗនេះ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់នៅក្នុងអង្គភាព Radwan របស់ក្រុមហេសប៊ូឡា និងសមាជិកផ្សេងទៀត ក្នុងការវាយប្រហារជាក់លាក់តាមផ្លូវអាកាសលើទីក្រុង Nabatieh ភាគខាងត្បូងលីបង់ ខណៈដែលមិនបាននិយាយអំពីការស្លាប់របស់ជនស៊ីវិលនោះទេ។ ប្រភពនៅក្នុងប្រទេសលីបង់វិញ បានឱ្យដឹងថា ការវាយប្រហារដ៏កម្ររបស់អ៊ីស្រាអែលទៅលើ Nabatieh ដែលជាទីក្រុងនៅភាគខាងត្បូង ត្រូវចំអគារច្រើនជាន់មួយបណ្តាលឱ្យជនស៊ីវិល ៧នាក់ស្លាប់។

ហេសប៊ូឡា និយាយថា យុទ្ធជន ៣នាក់នៃក្រុមរបស់ពួកគេត្រូវបានសម្លាប់ ប៉ុន្តែមិនមានការបញ្ជាក់អត្តសញ្ញាណនរណាម្នាក់ថា ជាមេបញ្ជាការនោះទេ។ អ្នកនយោបាយហេសប៊ូលឡាមួយរូប គឺលោក Hassan Fadlallah បានប្រាប់ Reuters ថា «សត្រូវនឹងបង់ថ្លៃសម្រាប់ឧក្រិដ្ឋកម្មទាំងនេះ ដោយហេសប៊ូឡា មានសិទ្ធិស្របច្បាប់ក្នុងការការពារប្រជាជនរបស់ខ្លួន»។

គួរបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នាឆ្លងព្រំដែន ដែលធ្វើឱ្យជនស៊ីវិលលីបង់ស្លាប់ច្រើនមិនធ្លាប់មាន ក្នុងរយៈពេល ៤ខែ។ កន្លងមកអង្គការសហប្រជាជាតិ បានជំរុញឱ្យបញ្ឈប់ការកើនឡើងនូវជម្លោះដ៏គ្រោះថ្នាក់ ចំពោះមុខសង្គ្រាមក្នុងតំបន់ហ្គាហ្សា និងការព្រួយបារម្ភពីការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយ រវាងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ជាមួយអ៊ីស្រាអែល៕