2024-02-17 12:14
340

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះបានឱ្យដឹងថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារមុនកាលកំណត់នៅថ្ងៃអាទិត្យស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទីសៅរ៍ ទី១៧ កុម្ភៈ ឆ្នាំ២០២៤។

លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។ ដំបូងឡើយលោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោស កំបាំងមុខដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិសដោយសារបញ្ហាសុខភាព។

លោក Thaksin ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារមុនកាលកំណត់កាលពីដើមសប្ដាហ៍នេះ តែរហូតមកដល់ថ្ងៃសៅរ៍នេះ ទើបមានការបញ្ជាក់ពីកាលបរិច្ឆេទដោះលែង ពីសំណាក់លោក Srettha Thavisin។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Srettha បានគូសបញ្ជាក់ដូច្នេះថា «ការដោះលែងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ»។ លោក Srettha បន្ថែមថាលោកមិនបានដឹងអ្វីលម្អិតបន្ថែមនោះទេ តែថាអ្វីៗគ្រប់យ៉ាងនឹងត្រូវអនុវត្តទៅតាមច្បាប់»។

គួរបញ្ជាក់ថា ទោះជាទទួលបានការដោះលែងមុនកាលកំណត់ក៏ដោយ ក៏លោក Thaksin នៅតែអាចប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់ ខណៈអាជ្ញាធរថៃត្រូវបានរាយការណ៍ថា កំពុងពិចារណាចោទប្រកាន់រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥៕