2024-02-20 14:35
358

រដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង សម្ពន្ធមិត្ត បានហ៊ុមព័ទ្ធយ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ប្រឆាំងនឹងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន ខណៈឥឡូវ ប្រទេសអាល្លឺម៉ង់ កំពុងតែជំរុញឲ្យប្លុកសេរីមួយនេះ ដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត ទៅលើរដ្ឋាភិបាលក្រុងមូស្គូ ពាក់ព័ន្ធនឹងការស្លាប់របស់មេបក្សប្រឆាំង នៅក្នុងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) កំពុងតែខិតកាន់ជិត នៅក្នុងការដាក់ទណ្ឌកម្មជាថ្មីបន្ថែមទៀត ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ ជុំវិញសង្គ្រាមរបស់លោក ពូទីន  នៅក្នុងប្រទេសអ៊ុយក្រែន ខណៈលោកស្រី យូលៀ ណាវ៉ាល់ណាយ៉ា (Yulia Navalnaya) ជាស្ត្រីមេម៉ាយរបស់មេដឹកនាំប្រឆាំងកំពូលរបស់រុស្ស៊ី ដែលបានស្លាប់ នៅក្នុងពន្ធនាគារ កាលពីសប្តាហ៍មុន បានអះអាង ថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ត្រូវតែទទួលខុសត្រូវ ចំពោះការស្លាប់របស់ប្ដីលោកស្រី។

ប្រទេសអាល្លឺម៉ង់ ស៊ុយអែត និង លីទុយអានី ដែលធ្លាប់ជារដ្ឋមួយ នៅក្នុងចំណោមរដ្ឋទាំង១៥នៃសហភាពសូវៀត ក៏ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុប បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងជាក់លាក់ជាថ្មីបន្ថែម ប្រឆាំងនឹងរុស្ស៊ី ជុំវិញមរណភាពរបស់លោក     អាឡិក្សេ ណាវ៉ាល់នី (Alexei Navalny) នៅក្នុងការធ្វើទារុណកម្ម នៅតំបន់ដាច់ស្រយាលមួយ នៃតំបន់អាក់ទិករបស់រុស្ស៊ី។ ការអំពាវនាវបែបនេះ បានកើតឡើង នៅក្នុងអំឡុងពេលកិច្ចប្រជុំ នៃក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ទាំង២៧ប្រទេស ដែលត្រូវបានគ្រោងទុក នៅមុនពេលការស្លាប់របស់លោក ណាវ៉ាល់នី ដើម្បីពិភាក្សាអំពីកញ្ចប់ នៃការដាក់ទណ្ឌកម្មថ្មី ដើម្បីរម្លឹកដល់ខួប២ឆ្នាំ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាដល់កងទ័ពរបស់គាត់ ចូលឈ្លានពានយ៉ាងពេញទំហឹង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ហុងគ្រី ជាប្រទេសចុងក្រោយរបស់សហភាពអឺរ៉ុប ចាំបាច់ត្រូវអនុម័តនូវការរឹតបន្តឹងថ្មី ប្រឆាំងនឹងក្រុមហ៊ុនជិត ២០០បន្ថែមទៀត និង មនុស្សដែលត្រូវបានចាត់ទុក ថា ពួកគេជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមអ៊ុយក្រែន។ ស្របគ្នានេះ ហុងគ្រី បានបញ្ជាក់ ថា រដ្ឋាភិបាលប៊ូដាប៉េស្ដ (Budapest) នឹងមិនបញ្ឈប់នូវកញ្ចប់ទណ្ឌកម្មលើកទី១៣របស់ប្លុកនេះ ប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានឈ្លានពាន នៅក្នុងប្រទេស                    អ៊ុយក្រែន។ទន្ទឹមគ្នានេះ ប្រមុខការទូតសហភាពអឺរ៉ុប បានលើកឡើង ថា ក្រុមមន្រ្ដីពន្ធនាគាររបស់រុស្ស៊ី ដែលបានជាប់ពាក់ព័ន្ធនឹងមរណភាពរបស់មេបក្សប្រឆាំងកំពូល                 រុស្ស៊ី លោក ណាវ៉ាល់នី គួរតែអាចដាក់បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្មនេះ ហើយក៏អាចបង្កកទ្រព្យសម្បត្ដិ និង ហាមឃាត់ដល់ការធ្វើដំណើររបស់ពួកគេ ចូលមកកាន់ប្លុកមួយនេះ។

ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រោយកិច្ចប្រជុំរបស់ខ្លួន នៅក្នុងទីក្រុងប៊្រុចសែល (Brussels) ជាមួយនឹងលោកស្រី ណាវ៉ាល់ណាយ៉ា ភរិយារបស់មេដឹកនាំបក្សប្រឆាំងរុស្សី ដែលបានស្លាប់ ថា «សហភាពអឺរ៉ុប នឹងមិនទុកកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាភាពជាអ្នកដឹកនាំនយោបាយ និង អាជ្ញាធររបស់រុស្ស៊ី ដើម្បីទទួលខុសត្រូវ នៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយដៃគូរបស់យើង ហើយបានដាក់ការចំណាយបន្ថែមទៀត សម្រាប់សកម្មភាពរបស់ពួកគេ រួមទាំងតាមរយៈការដាក់ទណ្ឌកម្ម»។

ក្រុមរដ្ឋមន្រ្ដីការបរទេសសភាពអឺរ៉ុប បានសង្កត់ធ្ងន់ ថា លោកប្រធានាធិបតី ពូទីន និង អាជ្ញាធររុស្ស៊ី បានទទួលខុសត្រូវខ្ពស់បំផុត ចំពោះការស្លាប់របស់លោក ណាវ៉ាល់នី ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ ដោយឯករាជ្យ និង មានតម្លាភាព»។

លោកស្រី អាន់ណាឡេណា ប៊ែបក់ (Annalena Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា លោកស្រី សង្ឃឹម ថា សហភាពអឺរ៉ុប ដែលមានសមាជិក ទាំង២៧ ប្រទេស នឹងយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីបន្ថែមទៀត នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្ដែក្រុមមន្ត្រីសហភាពអឺរ៉ុប បានអះអាង ថា កញ្ចប់ទណ្ឌកម្មនេះ អាចកើតឡើង នៅថ្ងៃពុធ (ទី២០កុម្ភៈ)។លោកស្រី រដ្ឋមន្រ្ដីការបរទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់ ថា «យើងបានឃើញកម្លាំងដ៏ឃោរឃៅ ដែលលោកប្រធានាធិបតីរុស្ស៊ី គាបសង្កត់ទៅលើប្រជាពលរដ្ឋរបស់ខ្លួន ដែលបានដើរតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មទាមទារសេរីភាព ឬ សរសេរអំពីបញ្ហាជាច្រើន នៅតាមទំព័រកាសែត។ បន្ថែមពីលើនេះ យើងនឹងស្នើឲ្យដាក់ទណ្ឌកម្មជាថ្មី ទាក់ទងនឹងការស្លាប់របស់លោក អាឡិក្សេ ណាវ៉ាល់នី មេបក្សប្រឆាំងរុស្ស៊ី»។

ប្រមុខការទូតរបស់ប្លុកនេះ បានបន្ថែមថា លោកស្រី រំពឹង ថា បណ្តាប្រទេសសហភាពអឺរ៉ុបនឹងស្វែងរកការដាក់ទណ្ឌកម្មជាថ្មី ដោយមានគោលដៅប្រឆាំងនឹងក្រុមមន្ត្រីមួយចំនួនរបស់រុស្ស៊ី ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតមេធាវី វ័យ៤៧ឆ្នាំ ធ្លាប់បង្កើតប្រវត្តិ អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសរុស្ស៊ី។

លោក ចូសែប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបដែលបានធ្វើជាប្រធានកិច្ចពិភាក្សា កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) បានបញ្ជាក់ ថា រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប នឹងស្នើឱ្យមានការដាក់ទណ្ឌកម្មយ៉ាងជាក់លាក់ ប្រឆាំងនឹងអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោក ណាវ៉ាល់នី។

លោក វិក័រ អ័របាន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រី ដែលធ្លាប់និយាយ កាលពីពេលកន្លងមក អំពីគាត់មានមោទនភាព ចំពោះទំនាក់ទំនងជាមួយនឹងរុស្ស៊ី បានបញ្ឈប់នូវការដាក់ទណ្ឌកម្ម កាលពីមុនៗ ក៏ដូចជា កិច្ចព្រមព្រៀងសហភាពអឺរ៉ុប ស្តីអំពីជំនួយហិរញ្ញវត្ថុ ជួយដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv)។សហភាពអឺរ៉ុប បានបញ្ជាក់ ថា ខ្លួនបានកាត់បន្ថយពាណិជ្ជកម្មរុស្ស៊ី មានទំហំទឹកប្រាក់ចំនួន ១៣៥ពាន់លានអឺរ៉ូ ឬ ប្រហែលជាង១៤៥ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការឈ្លានពានរបស់រុស្សី នៅក្នុងអ៊ុយក្រែន តាមរយៈយោធា ថាមពល អាកាសចរណ៍ ការដឹកជញ្ជូន និងទណ្ឌកម្មហិរញ្ញវត្ថុ នៅក្នុងចំណោមទណ្ឌកម្មផ្សេងៗទៀតជាច្រើនទៀត៕