2024-03-07 15:29
424

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានធ្វលការព្រមានទៅលើលោកស្រី ជួប មាន អគ្គនាយិកាផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ «Team ទឹកត្នោតជូរ» ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ 

ការព្រមានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបទចម្រៀង Team ទឹកត្នោតជូរ របស់ផលិតកម្មនេះ ចេញផ្សាយលើបណ្តាញសង្គមនានា ព្រោះបទចម្រៀងនេះ បានចម្លងលំនាំដើមបទ «ដែនដីខ្មែរ» ដែលជាស្នាដៃព្រះរាជនិពន្ធរបស់សម្តេចព្រះមហាសង្ឃរាជ ជួន ណាត។ 

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា «Team ទឹកត្នោតជូរ» ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ 

ក្រសួងបានចាត់ទុកថា ការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជនទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។ 

ក្រសួងបានណែនាំដល់ម្ចាស់ផលិតកម្ម ថោន អេនធើធេនមេន ត្រូវលុបចោលជាបន្ទាន់នូវការបង្ហោះផ្សព្វផ្សាយបទ ចម្រៀងខាងលើនេះ តាមគ្រប់មធ្យោបាយ និងត្រូវបញ្ឈប់នូវរាល់ការផលិតបទចម្រៀងដែលរំលោភច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងត្រូវធ្វើលិខិតសុំទោសសាធារណជនចំពោះកំហុសដែលបានកើតឡើងខាងលើនេះ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សូមអំពាវនាវដល់គ្រប់ផលិតកម្ម សូមគោរពឱ្យបាន ម៉ឹងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសរបស់ជាតិ៕