2024-03-11 13:22
333

(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា បានច្រានចោលទាំងការខឹងសម្បារចំពោះការអំពាវនាវរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស ឱ្យទីក្រុងកៀវ ចរចាបញ្ចប់សង្រ្គាមជាមួយរុស្សី និងគួរតែមានភាពក្លាហានដើម្បី «លើកទង់ស» ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្សីដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ភាពចម្រូងចម្រាសនៃការអត្ថាធិប្បាយរបស់សម្ដេចប៉ាប កើតមានឡើងចំពេលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាការបាញ់ផ្លោងរបស់រុស្សី ក្នុងតំបន់ភាគខាងកើតបានសម្លាប់ មនុស្ស ៣នាក់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ អ៊ុយក្រែនក៏បានអះអាងផងដែរថាទីក្រុងមូស្គូ បានបាញ់មីស៊ីលលើតំបន់ Kharkiv ស្ថិតនៅភាគឦសាននៃប្រទេស និងវាយប្រហារដោយយន្ដហោះដ្រូននៅតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ចំណែក ខាងរុស្សីវិញបានឱ្យដឹងថាស្ត្រីម្នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើភូមិមួយក្បែរតំបន់ព្រំដែន។

ការអត្ថាធិប្បាយរបស់សម្ដេចប៉ាប នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានដុតបញ្ឆេះកំហឹងក្នុងទីក្រុងកៀវ បន្ទាប់ពីទ្រង់មានបន្ទូលថា អ៊ុយក្រែនគួរតែចរចាជាមួយរុស្សី ដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំរបស់អ៊ុយ            ក្រែន។ ប៉ុន្តែជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានគូសបញ្ជាក់ដូច្នេះថា «ទង់របស់យើងគឺមានពណ៌លឿង និងពណ៌ខៀវ នេះគឺជាទង់តំណាងឱ្យជីវិត ការស្លាប់ និងជ័យជម្នះរបស់ពួកយើង។ យើងនឹងមិនលើកទង់ផ្សេងជាដាច់ខាត»។

បន្ថែមពីលើនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំបុរីវ៉ាទីកង់ លោក Andrii Yurash ថែមទាំងបានប្រដូចព្រះបន្ទូលរបស់សម្ដេចប៉ាប ពីការចរចាជាមួយរុស្សី ប្រៀបដូចទៅនឹងការចរចា ជាមួយ Adolf Hitler ផងដែរ។

គួរបញ្ជាក់ថា ក្រោយបន្ទូលរបស់សម្ដេចប៉ាប អ្នកនាំពាក្យបុរីវ៉ាទីកង់ លោក Matteo Bruni បាននិយាយថាអ្វីដែលសម្ដេចប៉ាប បានព្រះបន្ទូលពីការលើកទង់ស គឺព្រះអង្គ ចង់ផ្ដោតលើការបញ្ឈប់ការកាប់សម្លាប់គ្នា និងជំរុញឱ្យមានភាពក្លាហានស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ៕