2024-03-14 11:08
308

ទីក្រុងប៊្រុចសែល៖ សភាអឺរ៉ុប កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ បានអនុម័តច្បាប់ចុងក្រោយមួយ ដើម្បីបើកផ្លូវឲ្យសហភាពអឺរ៉ុប គ្រប់គ្រងដល់ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដោយរាប់បញ្ចូលទាំងប្រព័ន្ធដ៏មានឥទ្ធិពល ដូចជា ChatGPT របស់ OpenAI ផងដែរ។ នេះបើតាមបណ្ដាញទូរទស្សន៍បារាំង France 24 (ហ្វ្រង់ស៍ 24) បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានអះអាង ថា ច្បាប់ដែលត្រូវបានស្នើឡើង ជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ២០២១ នឹងការពារដល់ប្រជាពលរដ្ឋ បញ្ចៀសអំពីហានិភ័យ ដែលអាចកើតមានឡើង ពីបច្ចេកវិទ្យា ដែលកំពុងតែអភិវឌ្ឍយ៉ាងល្បឿន ខណៈកំពុងតែជំរុញនូវការបង្កើតថ្មី នៅលើទ្វីបនេះផងដែរ។ ក្រុងប្រ៊ុចសែល បានប្រញាប់ប្រញាល់ អនុម័តច្បាប់ថ្មីនេះ ចាប់តាំងពី ChatGPT គាំទ្រដោយ Microsoft របស់ OpenAI ដែលបានមកដល់នៅចុងឆ្នាំ២០២២ ដោយបានបញ្ចេញនូវការរត់ប្រណាំងខាងបញ្ញាសិប្បនិមិត្ត (AI) ជាសកល។  

បទប្បញ្ញត្តិដ៏ទូលំទូលាយ បានអនុម័តដោយមានការគាំទ្រពីសមាជិកសភាចំនួន៥២៣នាក់នៅក្នុងសភាអឺរ៉ុប នៅទីក្រុង Strasbourg (ស្ដ្រាសប៊ឺគ) ប្រទេសបារាំង និង មានសំឡេងប្រឆាំង ចំនួន៤៦។ រីឯប្រទេសទាំង២៧ ជាសមាជិករបស់សហភាពអឺរ៉ុប ត្រូវគេរំពឹង ថា នឹងអនុម័តច្បាប់នេះ នៅខែមេសា នៅមុនពេលច្បាប់នេះ ត្រូវបានបោះពុម្ព នៅក្នុងទស្សនាវដ្តីផ្លូវការរបស់សហភាពអឺរ៉ុប នៅក្នុងខែឧសភា ឬខែមិថុនា។

លោក ដ្រាហ្គោស ទូដូរ៉ាសេ (Dragos Tudorache) សមាជិកសភាអឺរ៉ុបរបស់ប្រទេសរ៉ូម៉ានី បានបញ្ជាក់ ថា «ថ្ងៃនេះជាថ្ងៃប្រវត្ដិសាស្រ្ដថ្មីម្ដងទៀត សម្រាប់ផ្លូវរបស់យើង ធ្វើដំណើរឆ្ពោះទៅគ្រប់គ្រង AI ។ នេះជាច្បាប់ថ្មីដំបូងបំផុត នៅលើពិភពលោក ហើយច្បាប់នេះ បានបង្ហាញផ្លូវយ៉ាងច្បាស់ ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព និង ផ្តោតលើ AI របស់មនុស្ស។

សមាជិកសភាអឺរ៉ុប រូបនេះ បានប្រាប់ក្រុមអ្នកកាសែត នៅមុនពេលការអនុម័តច្បាប់ AI របស់សភាអឺរ៉ុប ថា «យើងបានរៀបចំ ដើម្បីឲ្យរកឃើញ ថា សមតុល្យដ៏ល្អិតល្អន់ រវាងផលប្រយោជន៍ សម្រាប់ការបង្កើតថ្មី និង ផលប្រយោជន៍ សម្រាប់កិច្ចការពារ»។

ការបំពានច្បាប់ អាចមើលឃើញ ថា ក្រុមហ៊ុននឹងរងការផាកពិន័យ ចាប់ពី៧,៥លានទៅ៣៥លានអឺរ៉ូ ឬ ស្មើនឹងពី៨,២លានដុល្លារ ទៅ៣៨,២លានដុល្លារអាមេរិក ដោយអាស្រ័យទៅលើប្រភេទ នៃការរំលោភបំពានច្បាប់ និង ទំហំរបស់ក្រុមហ៊ុន។ ច្បាប់នេះ មានការហាមឃាត់យ៉ាងតឹងរ៉ឹង លើការប្រើប្រាស់ AI សម្រាប់ការព្យាករ និង ប្រព័ន្ធដែលប្រើព័ត៌មានជីវមាត្រ ដើម្បីសន្និដ្ឋាន អំពីពូជសាសន៍ សាសនា ឬ និន្នាការផ្លូវភេទរបស់បុគ្គលម្នាក់ៗ ផងដែរ…៕