2024-03-24 04:03
97

ខេត្តស្វាយរៀង៖    ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
   មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកព្រូសប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូពីក្រោយដែលបើកស្របទិសគ្នាបណ្ដាលអោយយុវជនរងរបួសធ្ងន់២នាក់ ផ្អើលអ្នកភូមិទាំងយប់។
  យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា អ្នករងគ្រោះមានឈ្មោះ ជឹង ប៉ៃហេង  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង  និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហ៊ាង គឹមសាល  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-7176 ខូចខាតទាំងស្រុង។
  តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប៊ិក មិនចាំស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-7176 ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយរបួសធ្ងន់២នាក់ ផ្អើលអ្នកភូមិទាំងយប់។ ក្រោយបង្កហេតុអ្នកបើករថយន្តបានបើកគេចខ្លួនទៅទិសខាងលិចបាត់ស្រមោលភ្លាមៗតែម្ដង។
   រីឯអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូនិងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំពោះ មធ្យោបាយសមត្ថកិច្ចធ្វើការវាស់វែងនិងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត៕