2024-04-01 04:04
124

ពោធិ៍សាត់៖ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកយុទ្ធនាការដ៏ក្តៅគគុកអស់រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះសម្រេចឃ្លុំដី បានចំនួន ៩,៨០០.៨២ ហិកតា ឃាត់ខ្លួនមនុស្ស ចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបាន ចំនួន ១៦ករណី ព្រមទាំងធ្វើការអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសបាន ចំនួន ៨៥នាក់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា លើសពីនេះក្រុមចម្រុះបានរុះរើខ្ទមបណ្តោះអាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិ ចំនួន ៤៧៩ ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាង រួមមាន៖ រណាយន្ត ចំនួន ៣១គ្រឿង, ម៉ូតូ ចំនួន ១៥គ្រឿង, គោយន្ត ០១គ្រឿង, ផាលត្រាក់ទ័រ ចំនួន ៦គ្រឿង, ម៉ាស៊ីនកាត់ស្មៅ ចំនួន ២៥គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ចំនួន ១៥គ្រឿង, កាំភ្លើងកែច្នៃ ចំនួន ១១ដើម, អង្គប់ ចំនួន ៧៥, កាំបិត ចំនួន ៨៥, បង្គោលរបង ចំនួន ៣,៦៥២ បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។

ជាមួយគ្នានេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានអន្តរាគមន៍ចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ២០៧.១៣ហិកតា និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមានដូចជា៖ រុះរើខ្ទ មចំនួន១៣ផងដែរ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ មានទ្រង់ទ្រាយធំ និងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកខាងលើករក្រុមការងារបែកចែកជា ១០ក្រុម ដែលកម្លាំងសរុបទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តប្រមាណជិត ១ ០០០នាក់៕