2024-04-05 15:12
291

រដ្ឋធានីមូស្គូ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ប្រធានាធិបតី បានព្រមានដល់បណ្ដាមេដឹកនាំអឺរ៉ុប អំពីការវាយប្រហាររបស់រុស្ស៊ី មកលើទឹកដីរបស់អង្គការណាតូ និង អះអាងអំពីការមិនអាចបដិសេធ អំពីលទ្ធភាព នៃការបញ្ជូនកងទ័ពរបស់សម្ពន្ធមិត្តលោកខាងលិច ហើយការលើកឡើងបែបនេះ បាននាំឲ្យមានសង្គ្រាមវោហារសាស្រ្ដយ៉ាងខ្លាំង ប៉ុន្ដែឥឡូវ អតីតប្រធានាធិបតីរុស្ស៊ី បានប្រកាសផ្ដល់រង្វាន់ដល់ទាហានរបស់ខ្លួន សម្លាប់កងទ័ពរបស់អង្គការណាតូ នៅលើទឹកដីអ៊ុយក្រែន។

សារព័ត៌មានរបស់រុស្ស៊ី RT បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ថា លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ខណៈបច្ចុប្បន្ន កំពុងតែកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ថា រដ្ឋាភិបាលក្រុងមូស្គូ នឹងផ្ដល់ប្រាក់រង្វាន់ដល់ទាហានរុស្ស៊ីទាំងឡាយណា ដែលបានសម្លាប់កងទ័ពរបស់អង្គការណាតូ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងទាហានរបស់ខ្លួន។ បើទោះជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីរុស្ស៊ី រូបនេះ មិនបានបញ្ជាក់ អំពីចំនួនប្រាក់រង្វាន់ ថា ប៉ុន្មាននោះឡើយ។

លោក មេដវេដេវ បានរិះគន់យ៉ាងខ្លាំង ដល់បណ្ដាប្រទេសលោកខាងលិច ដែលបាន និង កំពុងតែជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ ថា គ្រោះកំណាច អាចនឹងកើតមានឡើង ប្រសិនបើមានកងទ័ពបរទេស ឈរជើង នៅលើទឹកដីរបស់អ៊ុយក្រែន។ ទ័ពណាតូ នឹងក្លាយជាផ្នែកមួយ នៃកងកម្លាំងធម្មតា ដែលកំពុងប្រយុទ្ធ ប្រឆាំងនឹងទាហានរបស់យើង។ បញ្ហានេះ កំពុងតែក្លាយជាមូលហេតុ ដែលចាត់ទុកទាហានបរទេសទាំងនោះ ជាសត្រូវតែមួយមុខគត់ ហើយយើងក៏មិនគួរចាប់កងទ័ពបែបនេះ ជាឈ្លើយសឹកនោះដែរ។ ដូច្នេះ ប្រសិនបើទាហានរុស្ស៊ីណាម្នាក់ បានសម្លាប់កងទ័ពរបស់អង្គការណាតូ រដ្ឋាភិបាលក្រុងមូស្គូ ផ្ដល់រង្វាន់ជាច្រើនដល់ទាហានទាំងនោះ។

អតីតប្រធានាធិបតីរុស្ស៊ី បានប្រកាសបែបនេះ ត្រឹមតែរយៈពេលមួយថ្ងៃ ក្រោយពេលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើរហ្គេ សយហ្គូ (Sergey Shoigu) បានព្រមានដោយផ្ទាល់ទៅកាន់សមភាគីបារាំង លោក សេបាស្ទៀន ឡេក័រនូ (Sebastien Lecornu) ថា ការបញ្ជូនកងទ័ពទៅអ៊ុយក្រែន នឹងបង្កគ្រោះមហន្តរាយ ដល់ក្រុងប៉ារីស ជាក់ជាមិនខានឡើយ។

បើទោះជាយ៉ាងណា ប្រធានាធិបតីបារាំង លោក អេមម៉ាញែល ម៉ាក្រុង (Emmanuel Macron) បានអះអាងម្តងហើយម្តងទៀត ថា លោកនៅតែរក្សាគោលជំហររបស់បារាំង ចង់បញ្ជូនកងទ័ពរបស់អង្គការណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន។ ប៉ុន្ដែលោកប្រធានាធិបតីបារាំង មិនបានបញ្ជាក់ អំពីផែនការនេះ នឹងកើតឡើង នៅពេលណានោះឡើយ។

ដោយឡែក  សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និង បណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត បានប្រកាស ថា ពួកគេគ្មានគម្រោងបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន នោះទេ ព្រោះពួកគេមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់ នៅក្នុងសង្រ្គាម។ លើសពីនេះ ពួកគេក៏មិនចង់ប៉ះទង្គិចគ្នា ដោយផ្ទាល់ជាមួយនឹងរុស្ស៊ី ជាមហាអំណាចអាវុធនុយក្លេអ៊ែរកំពូល នៅលើពិភពលោកនោះដែរ។

ស្របគ្នានេះ ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់ប្រទេសជាសមាជិកអង្គការណាតូ ក៏កំពុងតែពិភាក្សាគ្នា អំពីកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១០៨ពាន់លានដុល្លារ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ខណៈជំនួយយោធារបស់អាមេរិក មានទំហំទឹកប្រាក់ ៦០ពាន់លាន ជាប់គាំង នៅក្នុងសភា៕