2024-05-10 14:04
299

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានផ្ដល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាម៉ាស់ ជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី ប៉ុន្ដែក្រោយពេលពិភពលោក បានដឹងអំពីប្រសិទ្ធភាព នៃការបាញ់ចំគោលដៅរបស់អាវុធដ៏ដំណាចមួយប្រភេទនេះរួចមក ធ្វើឲ្យមានការបញ្ជាទិញជាច្រើនគ្រឿង មកពីបណ្ដាប្រទេសផ្សេងៗ ជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សារព័ត៌មាន Army Recognition បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនអាមេរិក Lockheed Martin (ឡក់ឃីដ ម៉ាទីន) បានទទួលនូវការបញ្ជាទិញ ជាមួយនឹងទំហំទឹកប្រាក់ រហូតដល់៨៦១,៣លានដុល្លារ សម្រាប់ការផលិតប្រព័ន្ធប៉ាញ់គ្រាប់រ៉ុក្កែតចល័តមានគុណភាពខ្ពស់ M142 ហៅកាត់ HIMARS (ហាយម៉ាស់) និង សេវកម្មគាំទ្រផ្សេងៗទៀត។ កិច្ចព្រមព្រៀងនេះ កំពុងតែបង្ហាញ អំពីការកើនឡើងតម្រូវការជាសាកល សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតមួយប្រភេទនេះ ជាពិសេស នៅក្នុងបរិបទចូលរួមផ្នែកយោធានាពេលបច្ចុប្បន្ន និង ប្រសិទ្ធភាពរបស់វា ត្រូវបានបង្ហាញរួចមកហើយ នៅក្នុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។

បើតាមប្រភពពីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹង ថា អាវុធហាយម៉ាស់ M142 ជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ MLRS ហើយវាអាចបាញ់គ្រាប់រ៉ុក្កែតនាំផ្លូវ និង មិននាំផ្លូវ ក៏ដូចជា គ្រាប់មីស៊ីល ATACMS ផងដែរ។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តហាយម៉ាស់ ត្រូវបានបង្កើតឡើង នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ហើយត្រូវបានបំពាក់លើរថយន្តធុនមធ្យមរបស់កងទ័ពសហរដ្ឋអាមេរិក M1140  ហើយវាមានភាពអាចងាយស្រួល នៅក្នុងការចល័តពីកន្លែងមួយទៅកន្លែងមួយ និង អាចបត់បែនបានយ៉ាងឆាប់រហ័យ នៅក្នុងសេណារីយ៉ូប្រយុទ្ធ។ បច្ចុប្បន្ន HIMARS បម្រើមិនត្រឹមតែ សម្រាប់កងទ័ពសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ ហើយសូម្បីតែប្រទេសមួយចំនួន នៅទូទាំងពិភពលោក ជាសម្ពន្ធមិត្តក៏មានប្រើប្រាស់ផងដែរ រួមមាន៖ ប្រទេសហ្ស៊កដានី, ប៉ូឡូញ, រ៉ូម៉ានី, សិង្ហបុរី,  អារ៉ាប់រួម និង អ៊ុយក្រែន ផងដែរ។ ជាមួយនឹងប្រសិទ្ធភាពខ្ពស់របស់ហាយម៉ាស់ អាចវាយប្រហារ នៅក្នុងចម្ងាយ រហូតដល់៧០គីឡូម៉ែត្រនោះ ទើបធ្វើឲ្យប្រទេសជាច្រើន នៅលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអាវុធប្រភេទនេះ មានដូចជា៖ អូស្ត្រាលី, អេស្តូនី, អ៊ីតាលី, ឡាតវី, លីទុយអានី, ម៉ារ៉ុក និងតៃវ៉ាន់…ជាដើម។

លើសពីនេះទៅទៀត ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាយម៉ាស់ ក៏អាចបាញ់មីស៊ីល ATACMS មានសមត្ថភាពវាយប្រហារ រហូតដល់ចម្ងាយ៣០០គីឡូម៉ែត្រផងដែរ។ សមត្ថភាពរបស់ហាយម៉ាស់ អាចវាយប្រហារចូលជ្រៅទៅលើទឹកដីរបស់សត្រូវ ដោយកំណត់គោលដៅវាយតម្លៃកម្រិតខ្ពស់ ដូចជា មជ្ឈមណ្ឌលទីបញ្ជាការ និង មូលដ្ឋានទ័ពជាដើម។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះហាយម៉ាស់នេះ បានទទួលនូវការចាប់អារម្មណ៍ កាន់តែខ្លាំងឡើង ក្រោយពេលសហរដ្ឋអាមេរិក បានផ្ដល់អាវុធប្រភេទនេះ ទៅជួយដល់កងទ័ពអ៊ុយក្រែន យកទៅប្រើប្រាស់ សម្រាប់ទប់ទល់ជាមួយនឹងកម្លាំងទាហានរុស្ស៊ី នៅលើទឹកដីរបស់ខ្លួន។ បច្ចុប្បន្ន ពិភពលោក បានវាយតម្លៃខ្ពស់ជាយុទ្ធសាស្ត្រទៅលើអាវុធហាយម៉ាស់ កំពុងតែលេចធ្លោ នៅក្នុងសង្គ្រាមនេះ ហើយវាអាចចល័តបានយ៉ាងលឿនបំផុត។ កិច្ចព្រមព្រៀង គ្រប់គ្រងដោយបញ្ជាការកិច្ចសន្យារបស់កងទ័ព នៅ Redstone Arsenal រដ្ឋអាឡាបាម៉ា (Alabama) ចែងថា ទីតាំងការងារ និង ការផ្តល់មូលនិធិ នឹងត្រូវបានកំណត់ ជាមួយនឹងការបញ្ជាទិញនីមួយៗ ដោយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

ប្រសិទ្ធភាពរបស់អាវុធហាយម៉ាស់នេះ គឺអ៊ុយក្រែន ធ្លាប់ធ្វើឲ្យទាហានរុស្ស៊ី ខ្លបខ្លាយរួចមកហើយផងដែរ។ បន្ថែមពីលើនេះ អ៊ុយក្រែន ក៏ធ្លាប់យកឈើមកច្នៃធ្វើឲ្យដូចហាយម៉ាស់ យកទៅបន្លំៗដាក់ នៅតំបន់ជិតៗសមរភូមិ ហើយត្រូវបានទាហានរុស្ស៊ី សម្រុកបាញ់ដាក់ ដូចគ្រាប់ភ្លៀង ដោយប្រើប្រាស់សុទ្ធតែមីស៊ីល មានតម្លៃរាប់លានដុល្លារថែមទៀតផង៕