2024-05-20 19:03
259

(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។
  ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA។ នៅមុននេះបន្តិច ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បាននិយាយថាមិនមានសញ្ញាណាមួយ បង្ហាញថាលោកប្រធានាធិបតី លោក Ebrahim Raisi រួមទាំងអ្នកជិះនៅលើនោះជាមួយលោក នៅរស់រានមានជីវិតនោះទេ។
  លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ ទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ ទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជា ឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុ ធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់។

  តាមច្បាប់អ៉ីរ៉ង់ ប្រសិនបើប្រធានាធិបតីស្លាប់ នោះអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី តែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំ កំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei ដែលជាអ្នកមានសិទ្ធិសម្រេចគ្រប់រឿងនៅអ៉ីរ៉ង់។ ចំណែក ការបោះឆ្នោតសកលថ្មីមួយនឹងត្រូវរៀបចំឡើងមិនឱ្យ លើស៥០ថ្ងៃនោះទេ។ អនុប្រធានាធិបតីទី១របស់អ៉ីរ៉ង់សព្វថ្ងៃ គឺលោក Mohammad Mokhber៕