2024-05-22 05:05
116

ខេត្តស្វាយរៀង៖ ប្រជាការពារភូមិរួមជាមួយប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាស្ទាក់ចាប់ជនសង្ស័យលួចគោ២ក្បាលទាំងកណ្ដាលយប់នៅ ស្រុករមាសហែក។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាចោរលួចគោនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ដិតនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះឈាង សិត ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
 ចំណែកម្ចាស់គោមានឈ្មោះសៀវ ខ្មាន់ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក។
ប្រភពបន្តថា មានករណីចោរចូលលួចយកគោចំនួន០២ក្បាល(ញី)នៅផ្ទះឈ្មោះសៀវ ខ្មាន់ ដែលចងនៅក្នុងក្រោល។
រហូតដល់ម៉ោង១១និង៣០នាទីយប់ នៅពេលទទួលបានព័ត៌មានថា ជនសង្ស័យកំពុងដឹកគោភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ត្រាច កម្លាំងប្រជាការពារនិងប្រជាពលរដ្ឋបានតាមស្រាវជ្រាវរករហូតដល់ចំណុចភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែកក៏បានតាមទាន់ ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ខ្លួនជនសង្ស័យព្រមទាំងសត្វគោចំនួន២ក្បាលផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះឈាង សិត មុខរបរមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមច្បាប់៕