2024-05-26 07:05
136

កណ្ដាល៖ សាច់បង្កកនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនជ្រៃធំ ប្រមាណជាង ៦តោន ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសាខាគយ និងរដ្ឋាករ បង្ក្រាប និងយកទៅដុតកម្ទេចចោល

ការបង្ក្រាបសាច់បង្កកខួចគុណភាពនាំឱ្យប៉ះពាល់សុខមាភាពប្រជាពលរដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយ និងរដ្ឋាករ ខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យមានសាច់បង្កកនាំចូលតាមច្រកជ្រៃធំតែម្តង។

ប្រតិបត្តិការក្នុងនោះមន្រ្តីជំនាញបានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORAL ចំនួន ១០០កេស (១កេស=២១គីឡូក្រាម)= ២១០០គីឡូក្រាម ដែលមានប្រភពមកពីប្រទេសឥណ្ឌា, សាច់ជ្រូកបង្កក ម៉ាក APK ចំនួន ២០០កេស (១កេស=១៧គីឡូក្រាម) = ៣៤០០គីឡូក្រាម មានប្រភពមកពីប្រទេសរុស្សី, មឹកបង្កប ម៉ាក FRESH ចំនួន ៥០កេស (១កេស=១១គីឡូក្រាម)=៥៥០គីឡូក្រាម មានប្រភពមកពីប្រទេសចិន សរុបចំនួន ​៦០៥០គីឡូក្រាម ការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះបានខូចគុណភាពផងដែរ។

ក្រោយការបង្ក្រាបដោយមានការឯកភាពពីព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេចចោលសាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយ និងរដ្ឋាករជ្រៃធំ ជៀសវាងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ៕