2024-05-26 09:05
351

បន្ទាយមានជ័យ៖ ក្រុមកម្មករអូសរទោះដឹកអីវ៉ាន់ និងទំនិញផ្សេងៗឆ្លងច្រកទ្វាអន្តរជាតិប៉ោយប៉ែត ប្រមាណជិត ១០០នាក់ បានផ្ទុះការតវ៉ាបង្កឱ្យមានការកកស្ទះនៅច្រទ្វាព្រំដែនជិត ២ម៉ោងដោយមន្ត្រីប្រចាំច្រកទ្វាព្រំដែនបានបិទមិនអុញ្ញាតឱ្យពួកគាត់អូសរទេះឆ្លងកាត់នោះទេ បន្ទាប់មកមានការចុះទៅធ្វើសម្របសម្រួសពីសំណាក់អាជ្ញាធរក្រុងប៉ោយប៉ែតស្ថានភាពបានធូស្បើយ និងដំណើរការជាធម្មតាវិញ។

ការផ្ទុះការតវ៉ារបស់​កម្មករ​អូស​រទេះដឹក​អីវ៉ាន់​មានប្រមាណ ​៥០​ទៅ​៦០​គ្រឿង បានផ្ទុះការ​តវ៉ា​បង្ក​ការ​កកស្ទះ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត។ ក្រោយមានភាពតានតឹងរវាងកម្មករអូសរទេះ ជាមួយសមត្ថឈរជើងច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោកអភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បានចុះសម្របសម្រួល​ឱ្យ​រំសាយ និង​អនុគ្រោះ​ឱ្យ​បងប្អូនកម្មករឆ្លងកាត់មួយ​ជើង​ដោយ​មិន​ធ្វើការ​ឆែកឆេរ​ឡើយ។ បាតុភាព​តវ៉ា​នេះ បាន​កើតឡើង​នៅ​រសៀល ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៤ កន្លងទៅ។

កម្មករ​អូស​រទេះដឹក​ទំនិញ​ឆ្លងព្រំដែនប៉ោយប៉ែតកម្ពុជា-ថៃ ​ប្រមាណ​ពី​៥០​ទៅ​៦០​គ្រឿង បានធ្វើការ​តវ៉ា​ប្រឆាំង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​រឹង​បន្តឹង​ត្រួតពិនិត្យ​ទំនិញគេចពន្ធ ទើប​បណ្តាលឱ្យ​​កកស្ទះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត។ បក្រោយមានការតវ៉ានោះ លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើការ​សម្របសម្រួល​រយៈពេល​ជាង ​១​ម៉ោង ទើប​កម្មករ​អូ​រទេះ​នាំគ្នា​រំសាយ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ប្រាប់​បណ្តាញសារព័ត៌មានថា៖ «កម្មករ​អូស​រទេះដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ធ្វើការ​តវ៉ា​នឹង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​សហការ​ជាមួយ ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ដែល​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​រក​ទំនិញគេចពន្ធ​ដែល​លួចលាក់​នាំ​ចូល​ពី​ប្រទេស​ថៃ ព្រោះសកម្មភាពបង្កប់ទំនិញតាមរទេះ​នេះ វាធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ»

ក្នុង​នាម​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​ធ្វើការសម្របសម្រួលឱ្យកម្មករ​អូស​រទេះ​រំសាយ ដើម្បី​កុំឱ្យ​មានកា​រកកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ប៉ះពាល់​សន្តិសុខ និង​ភ្ញៀវ​ចេញ​-​ចូល គឺ​មិន​ចាប់​ឆែកឆេរ​ត្រួតពិនិត្យ​ទេ​សម្រាប់​១​ជើង​នេះ តែ​នៅ​ពេល​ក្រោយ​មន្ត្រី​ជំនាញ​នឹង​មាន​ចំណាត់ការ​តាម​ច្បាប់ដោយ​មិន​អនុគ្រោះ​ឡើយ។

លោកគាត ហ៊ុ​ល បាន​បញ្ជាក់​ថា៖ «មន្ត្រី​គយ និង​រដ្ឋាករ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ទប់ស្កាត់​ការ​លួចលាក់​បង្កប់​នាំ​ចូល​ទំនិញគេចពន្ធ ដើម្បី​ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ និង​លុប​បំបាត់​ការ​លួច​នាំ​ចូល​ទំនិញ​ខូចគុណភាព ដែល​បាន​បង្កប់​តាម​ទំនិញ​ដែល​ពួក​គេ​លួច​នាំ​ចូល​ពី​ថៃ»

កម្មករ​អូស​រទេះ​ បាន​និយាយ​ថា៖ «ករណីដែលពួកគាត់ទាំងអស់គ្នាធ្វើការតវ៉ានៅមុខច្រកទ្វាអន្តរជាតិប៉ោយប៉ែតនោះ គឺដើម្បីស្នើសុំ​កុំឱកយមានការ​រឹត​បន្តឹង ​ការ​ត្រួតពិនិត្យ​តាម​រទេះរបស់ពួកគាត់ដែល​រក​កម្រៃ​បន្តិចបន្តួចផ្គត់ផ្គង់ជីវភាពគ្រូសារ​ និង​សុំ​ឱ្យ​អនុគ្រោះ​ដូច​មុន» ក្រុមកម្មករអូសរទេះ បានបន្ថែមទៀតថា៖ «ករណីដែលធ្វើឱ្យមន្ត្រីប្រចាំព្រំដែនរឹតបន្តឹងពួកគាត់បែបនេះ សង្ស័មានមាន​អ្នក​កាង​ទំនិញមាន​ខ្សែ និង​បក្ខពួក​អាច​ដឹក​តាម​រទេះ​ចូល​យ៉ាង​រលូន គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញឡើយហើយបិទតែពួកគាត់ដូច្នេះមិនស្មើភាពទេ»

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន​ថា៖ «ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺជា​ច្រក​ទ្វារ​អន្តរជាតិ​សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញ​-​ចូល ​ឆ្លងកាត់ មិនអនុញ្ញាតឱ្យមានទំនិញឆ្លងកាត់ទេ។ រីឯ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ជាច្រកបង្កើតថ្មី សម្រាប់​រថយន្ត​ដឹក​ទំនិញ​ចេញចូល។ ជា​ការ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​លើ​សម្ភារៈ​ប្រើប្រាស់​អ្នកដំណើរ​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មន្ត្រី​គយ​ និងរដ្ឋាករ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ ​បាន​ធ្វើការ​ត្រួតពិនិត្យ​សម្ភារៈ​ប្រើប្រាស់​របស់​អ្នកដំណើរ​ជា​ភ្ញៀវ​ទេសចរ និង​រថយន្ត​ចេញចូល​កម្ពុជា-​ថៃ»

លោក វ៉ា​ន់ ដា​រ៉ា​ន់ បានបន្ថែម​ថា៖ «ក្រោយ​ពី​មន្ត្រី​គយ​ និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​នេះ ក៏​មានការ​ផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ថា មន្ត្រី​គយ ​និង​រដ្ឋាករ ​ចាប់​ឃាត់​អីវ៉ាន់​កម្មករអូរ​រទេះ​បន្តិចបន្តួច រហូត​ដល់​ប្រើ​ហិង្សា​ទៅ​លើកម្មករ​ថែម​ទៀត។ ចំពោះព័ត៌មាន​ទាំងនោះ​លោក​សូម​ច្រានចោល ព្រោះ​គ្មាន​ការ​ពិត​ឡើយ»។ លោកក៏បានបន្តទៀតថា៖ «ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ច្រក​សម្រាប់​តែ​ភ្ញៀវជាតិ ​និង​អន្តរជាតិ​ឆ្លងកាត់​ចេញ-ចូល ហើយ​ធ្វើការ​ត្រួតពិនិត្យ​លើ​សម្ភារៈ​ភ្ញៀវ​ចេញចូល​ដែលដឹក​តាម​រទេះ ​និង​រថយន្ត ដើម្បី​ទប់ស្កាត់​ការ​លួច​បង្កប់​ទំនិញ​ជាប់ពន្ធ​ និង​ខុសច្បាប់ ឬ​ខូចគុណភាព»

ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា៖ «ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ចេញចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ គឺ​បង់ពន្ធ​ត្រឹមត្រូវ ប៉ុន្តែនៅ​ច្រក​ប៉ោយ​ប៉ែ​ត មាន​ករណី​បងប្អូន​កម្មករ​អូស​រទេះ​មួយ​ចំនួន​តូច មិន​ព្រម​ស្តាប់តាម​ការ​ណែនាំ​របស់​សមត្ថកិច្ចនៅ​មាន​លួចបង្កប់​ទំនិញ​ហាមឃាត់​តាម​រទេះ​ដូច​សត្វ​កណ្តៀរជញ្ជូន​ស្បៀង ធ្វើ​ឱ្យ​បាត់​ចំណូល​ថវិការដ្ឋ​ជា​ច្រើនហើយពួក​គាត់​ខ្លះ​មិន​ព្រម​សហការ​នៅ​ពេល​ស្នើ​សុំ​ត្រួតពិនិត្យ និង​តែងតែ​ប្រើ​ពាក្យ​សម្តី​អាកប្បកិរិយាមិន​សមរម្យ​ស្រែក​ឡូឡា ធ្វើ​ឲ្យ​រំខាន​និង​ប៉ះពាល់​ដាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តតែម្តង​»