2024-05-28 04:05
93

ភ្នំពេញៈ នារីម្នាក់បើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿង ហើយមិនព្រមឈប់ដោះស្រាយបានព្យាយាមបើកគេចរហូតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចស្តុបទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកMORNING ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2IQ-8775 លុះពេលទៅដល់ចំណុចស្តុបទូតចិន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX 300 បណ្តាលឲ្យរងការខូចខាត បន្ទាប់មកនារីខាងលើនេះមិនឈប់ដើម្បីធ្វើការដោះស្រាយនោះទេ គឺបានព្យាយាមបើកគេចរហូតទៅដល់ចំណុចស្តុបចេនឡាផ្លូវ២១៧កែងនិងផ្លូវម៉ៅសេងទុងសង្កាត់បឹងសាឡាង ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដា             ឌ្រីម បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងដំណំផងដែរ ។

 ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការហួសចិត្តនោះ គឺនៅពេលដែលអ្នកបើករថយន្តបង្កចុះពីលើរថយន្តស្រាប់តែនិយាយថាគាត់អត់ដឹងថាបើករថយន្តបុកអីផង ។

 ក្រោយកើតហេតុក៏មានសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបាន             ស្ទួចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។