2024-05-28 09:05
99

បាងកក៖ ការបោះឆ្នោតចុងក្រោយ នៅក្នុងប្រទេសថៃ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP របស់លោក ភិថា លីចារឿនរ៉ាត (Pita Limjaroenrat) បានទទួលជ័យជម្នះ ប៉ុន្ដែមិនមានអាសនៈគ្រប់គ្រាន់ សម្រាប់បង្កើតរដ្ឋាភិបាលថ្មី ដោយតែសមាជិកព្រឹទ្ធសភា ដែលត្រូវបានតែងតាំងដោយពួកយោធា មិនគាំទ្រដល់បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់គាត់ ប៉ុន្ដែឥឡូវថ្វីត្បិតតែគាត់បានលាលែងតំណែងពីប្រធានបក្ស យ៉ាងណាក្ដី ក៏គាត់នៅតែប្រជាប្រិយភាពខ្លាំងជាងគេ លើសពីនាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ថៃ និង ឥស្សរជនសំខាន់ៗផ្សេងៗទៀត។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ថៃ បានទទួលយកនូវលទ្ធផល នៃការស្ទង់មតិថ្មីមួយ ដោយបានបង្ហាញ ថា គាត់មានប្រជាប្រិយភាព ស្ថិតក្នុងលំដាប់ទី៤ នៅក្នុងចំណោមឥស្សរជនសំខាន់ៗ ដែលទទួលបាននូវការគោរពពីប្រជាជនថៃ។

ស្របគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី កំពុងតែឆ្លើយនូវសំណួរ អំពីការស្ទង់មតិមួយ ដែលបានធ្វើឡើង ដោយវិទ្យាស្ថាន King Prajadhipok (ឃីង ប្រាចាធិប៉ូក)។ លោកនាយករដ្ឋមន្រ្ដី បានលើកឡើង ថា ការពន្យារពេលអនុម័តថវិកា មិនមែនជាលេស មកពីការធ្លាក់ប្រជាប្រិយភាពរបស់គាត់នោះឡើយ។ ការស្ទង់មតិបែបនេះ ជាការឆ្លុះបញ្ចាំង អំពីទស្សនៈរបស់ប្រជាជន ហើយយើងត្រូវតែគោរព ចំពោះលទ្ធផលនេះ។

ការស្ទង់មតិនេះ បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានបង្ហាញអំពីឥស្សរជនសំខាន់ៗជាច្រើននៅក្នុងប្រទេសថៃ រួមមាន៖ ១-លោក ភិថា លីមចារឿនរ៉ាត ទីប្រឹក្សាប្រធានគណបក្សឆ្ពោះទៅមុន ទទួលបានសំឡេងគាំទ្រ ចំនួន៤៦,៩ភាគរយ, ២-លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) មេរដ្ឋប្រហារយោធា និង ជាអតីតនាយករដ្ឋមន្រ្ដីថៃ ទទួលបានសំឡេងគាំទ្រ ចំនួន១៧,៧ភាគរយ, ៣-លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កូនស្រីពៅរបស់លោក ថាក់ស៊ីន ទទួលបានសំឡេងគាំទ្រ ចំនួន១០,៥ភាគរយ, ៤-លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ថៃ ទទួលបានសំឡេងគាំទ្រ ចំនួន៨,៧ភាគរយ, ៥-លោក អានុទីន ឆានវីរោល (Anutin Charnviraul) ដែលជារដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈ នៅក្នុងរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រ ចំនួន៣,៣ភាគរយ។

ប្រសិនបើមានការបោះឆ្នោតឆាប់ៗនេះ គណបក្សឆ្ពោះទៅមុខ នឹងទទួលបាន ចំនួន២០៨អាសនៈ ខណៈគណបក្សភឿថៃ ទទួលបាន១០៥អាសនៈ ហើយគណបក្សភូមចៃថៃ នឹងទទួលបាន៦១អាសនៈ។ រីឯគណបក្ស ទទួលបានអាសនៈបន្ដបន្ទាប់ គឺគណបក្សជាតិថៃ នឹងទទួលបានចំនួន៣៤អាសនៈ ខណៈគណបក្សរបស់លោកឧត្ដមសេនីយ៍  Prawit នឹងទទួលបាន៣០អាសនៈ និង គណបក្សប្រជាធិបតេយ្យ នឹងទទួលបាន២២អាសនៈ៕