2024-05-29 09:05
135

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សា និងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ ដែលបានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបាន ចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង ចំនួន ០១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រុមការងារ ក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ខេត្តព្រៃវែង ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌ ចំនួន ២៣.៧២២គ្រាប់ ស្មើនឹង ២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធភណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីការត្រៀមដឹកនាំប្រតិភូអន្តក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលកំពុងប្រតិបត្តិការ នាពេលខាងមុខ និងបានណែនាំក្រុមការងារ បន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕