2024-06-19 19:09
191

(សេអ៊ូល)៖ ភ្លាមៗ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឱបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅឯអាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាង មេដឹកនាំទាំង២ បានចែករំលែកទស្សនយល់ឃើញទៅវិញទៅមក និងបានឯកភាពគ្នាលើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤។
   លោក ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង នៅព្រឹកព្រលឹមស្រាងៗនៅថ្ងៃពុធនេះ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់លោក ក្នុងពេល២៤ឆ្នាំ ទៅកាន់កូរ៉េខាងជើង ដែលជាដំណើរទស្សនកិច្ចមួយអាចនឹងកែប្រែទំនាក់ទំនងរវាងរុស្ស៉ី និងកូរ៉េខាងជើងរាប់ទសវត្សរ៍មកនេះ ក្នុងពេលមួយដែល ប្រទេសទាំង២ កំពុងប្រឈមមុខនឹងទណ្ឌកម្មលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ លោក គីម ជុងអ៊ុន បានទៅទទួលស្វាគមន៍លោក ពូទីន ដោយផ្ទាល់ ហើយ មេដឹកនាំទាំង២បានចាប់ដៃ អោបគ្នាទៅវិញទៅមក និងបានឈរជជែកគ្នាមួយសន្ទុះ មុននឹងឡើងជិះរថយន្ដម៉ាក limousine ជាមួយគ្នា ឆ្ពោះទៅកាន់វិមាន Kumsusan ក្នុងទីក្រុងព្យុងយ៉ាង។
  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាភាពជាដៃគូរវាងកូរ៉េខាងជើង និងរុស្ស៉ី ប្រៀបដូចជាម៉ាស៊ីនជំរុញការកសាងពិភពលោកពហុប៉ូលថ្មីមួយ ហើយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន បានបង្ហាញពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពមិនអាចបំបែកបំបាក់បាន និងមាននិរន្តរភាព។