2024-06-25 15:54
213

រដ្ឋធានីហ្សាការតា៖ តំបន់អាស៊ីអាគ្នេយ៍ ក្លាយជាកន្លែងទទួលផលប្រយោជន៍ដ៏សំខាន់បំផុត សម្រាប់យុទ្ធសាស្រ្ដចិនបូកមួយ (China Plus one) ហើយការធ្វើពាណិជ្ជកម្ម មានហានិភ័យទាប ទាក់ទងនឹងការពឹងផ្អែកទាំងស្រុងទៅលើទីផ្សារ ឬខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ។

បច្ចុប្បន្ន បើទោះជាក្រុមហ៊ុននានា នៅតែរក្សាវត្តមាន នៅក្នុងប្រទេសចិន យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនជាច្រើន កំពុងតែធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្មរបស់ខ្លួន តាមរយៈការពង្រីកខ្លួនទៅកាន់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន មានដូចជា៖ វៀតណាម ឥណ្ឌូនេស៊ី…ជាដើម។

.ក្រុមអ្នកជំនាញសេដ្ឋកិច្ចមួយចំនួន បានអះអាង ថា «តំបន់អាស៊ីអាគ្នេយ៍ មានទីតាំងល្អ នៅក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ ពីបាតុភូត ចិន+1 ខណៈបណ្ដាក្រុមហ៊ុនបរទេស និង ក្រុមហ៊ុនចិន កំពុងតែពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និង ប្រតិបត្តិការរបស់ពួកគេ នៅក្នុងតំបន់នេះ។ បច្ចុប្បន្ន តំបន់អាស៊ាន កំពុងតែក្លាយជាជម្រើសដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកនូវការធ្វើពិពិធកម្មផលិតកម្ម នៅឆ្ងាយពីប្រទេសចិន រួមទាំងក្រុមហ៊ុនចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង។

យុទ្ធសាស្ត្រចិន+១ ស្វែងរកនូវការកាត់បន្ថយហានិភ័យ ទាក់ទងនឹងការពឹងផ្អែកទាំងស្រុងទៅលើទីផ្សារ ឬខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន តាមរយៈការធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្ម ពង្រីកទៅកាន់ប្រទេសផ្សេងទៀត បើទោះជាក្រុមហ៊ុននៅតែរក្សាវត្តមាន នៅក្នុងប្រទេសចិនក៏ដោយ។ ដូច្នេះវាពិតជាមានការវិនិយោគដ៏ធំសម្បើម នៅក្នុងប្លុកនេះ។ ការវិនិយោគដោយផ្ទាល់របស់បរទេស នៅក្នុងសេដ្ឋកិច្ចអាស៊ាន សម្រាប់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និង វៀតណាម បានកើតឡើង រហូតដល់២៣៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ធៀបជាមធ្យមប្រចាំឆ្នាំ ចំនួន១៩០ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០២០ និង ២០២២។ នេះបើតាមក្រុមអ្នកសេដ្ឋកិច្ច OCBC បានបញ្ជាក់ នៅក្នុងរបាយការណ៍ កាលពីខែឧសភា កន្លងទៅនេះ។ លំហូរវិនិយោគភាគច្រើនបំផុត មកពីសហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ក៏ដូចជា ចិនដីគោក និង ហុងកុង ផងដែរ៕