2024-06-26 13:59
193

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង និង ជប៉ុន បានប្រើប្រាស់កិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃអង្គារ ទី២៥ ខែមិថុនា នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញ អំពីការព្រួយបារម្ភរួមគ្នា ជុំវិញការធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់រូបិយប័ណ្ណរបស់ប្រទេសអាស៊ីបូព៌ាទាំង២នេះ ហើយប្រទេសជិតខាងទាំង២នេះ បានប្តេជ្ញាចាត់វិធានការ ការពារដល់តម្លៃប្រាក់វ៉ុន (Won) របស់កូរ៉េខាងត្បូង  និង ប្រាក់យេន (Yen) របស់ជប៉ុន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ឆយ សាង-មូក (Choi Sang-mok) និង រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក ស៊ូនិឈិ ស៊ូហ្ស៊ូគី (Shunichi Suzuki) បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជប៉ុន បានចែករំលែកនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលសេអ៊ូល និង ក្រុងតូក្យូ នឹងចាត់វិធានការសមស្របតាមអ្វីដែលអាចធ្វើបាន។

កិច្ចប្រជុំ កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរបស់ក្រុមរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរបស់សម្ពន្ធមិត្ត កាលពីខែមេសា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្របពេលប្រាក់វ៉ុន និង ប្រាក់យេន ត្រូវបានទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណែត យ៉េលឡែន (Janet Yellen) អំពីកង្វល់រូបិយប័ណ្ណរបស់ប្រទេសទាំង២នេះ។ បច្ចុប្បន្ន រូបិយប័ណ្ណរបស់ជប៉ុន បានធ្លាក់ថ្លៃ រហូតដល់ជិត១៦០យេន នៅក្នុង១ដុល្លារអាមេរិក ខណៈតម្លៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់រហូតដល់ជិត១៤០០ នៅក្នុង១ដុល្លារអាមេរិក។

អាជ្ញាធរ FX របស់កូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា បានបញ្ជាក់ ថា FX នឹងបង្កើនពង្រីកនូវការប្តូររូបិយប័ណ្ណរបស់ខ្លួន ជាមួយនឹងសេវាសោធននិវត្តន៍ជាតិ ពី៣០ពាន់លានដុល្លារ ដល់៥០ពាន់លានដុល្លារ ដើម្បីការពារតម្លៃប្រាក់វ៉ុន ដែលធ្លាក់ចុះ ធៀបនឹងប្រាក់ដុល្លារអាមេរិក៕