2024-07-01 18:01
201

រដ្ឋធានីប៉ារីស៖ បើគិតត្រឹម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សង្គ្រាមនៅក្នុងប្រទេសអ៊ុយ ក្រែន បានអូសបន្លាយ អស់រយៈពេល៨៥៧ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ ហើយធ្វើឲ្យទាហានទាំងសងខាងបាត់បង់ជីវិត កើនឡើងជាបន្ដបន្ទាប់ អស់រាប់សិបសែននាក់ ប៉ុន្ដែឥឡូវមេទ័ពកំពូលរបស់បារាំង បានអះអាងអំពីយុទ្ធសាស្រ្ដ នៅក្នុងការប្រើប្រាស់ដ្រូនតូចៗរបស់ក្រុងកៀវ ទប់ទល់ដល់ការវាយរុលទៅមុខរបស់គូសត្រូវ។

សារព័ត៌មាន Business Insider បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ថា មេទ័ពកំពូលរបស់បារាំង បានអះអាង ថា ឥឡូវ ដ្រូនតូចៗ កំពុងតែមានឧត្ដមភាពយ៉ាងខ្លាំង នៅលើសមរភូមិរបស់ប្រទេសអ៊ុយក្រែន ប៉ុន្ដែអត្ថប្រយោជន៍របស់វា នាពេលខាងមិន នឹងមិនឋិតឋេរនោះឡើយ។ ប៉ុន្ដែបច្ចុប្បន្ន ដ្រូនតូចៗ និង មានតម្លៃថោកទាំងនោះ កំពុងតែក្លាយជាអាវុធដ៏មានប្រសិទ្ធភាព នៅក្នុងសង្គ្រាម។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ បានប្រាប់ដល់ BI ថា វិធានការទប់ស្កាត់ នឹងកំណត់ទៅលើសមត្ថភាពរបស់ដ្រូនតូចៗទាំងនោះ។
លោកឧត្ដមសេនីយ៍ ព្យារ ស៊ីល (Pierre Schill) មេទ័ពកំពូលរបស់បារាំង បានបញ្ជាក់ ថា បច្ចុប្បន្ន ដ្រូនតូចៗ កំពុងតែមានឧត្ដមភាព នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងពេលដ៏ឆាប់ៗខាងមុនេះ វានឹងបាត់បង់បង់សមត្ថភាពប្រយុទ្ធ។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន បានឲ្យដឹង ថា  បើគិតចាប់តាំងពីការផ្ទុះសង្គ្រាមដំបូង នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ទាហានរុស្ស៊ី បានស្លាប់នៅលើសមរភូមិ ស្ថិតក្នុងប្រទេសអ៊ុយក្រែន កើនឡើងដល់ ៥៤២ ៧០០នាក់ ដោយរាប់បញ្ចូលទាំងការស្លាប់ កាលពី២៤ម៉ោងមុនេះ ចំនួន ១ ១៤០នាក់ផងដែរ។ បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ អំពីទាហានរបស់ខ្លួនរងនូវការខូចខាតនោះឡើយ៕