2024-07-04 18:44
196

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការជជែកពិភាក្សាដេញដោលគ្នា ជាមួយនឹងបេក្ខភាពប្រធានាធិបតីដ៏មានឥទ្ធិពល មកពីគណបក្សសាធារណរដ្ឋ ដែលជាគូប្រជែងមុន លោក ដូណាល់ ត្រាំ កាលពីប៉ុន្មានថ្ងៃមុនេះ បាននាំឲ្យមានសម្ពាធយ៉ាងខ្លាំង ដើម្បីជំរុញឲ្យលោកប្រធានាធិបតី ចូ បៃដិន បោះបង់ចោលនូវការឈរឈ្មោះជាថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងវិច្ឆិកា ខាងមុខ ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី លោកប្រធានាធិបតី បានប្ដេជ្ញានឹងបន្ដ រហូតដល់ទីបញ្ចប់។

ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៤ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីជាថ្មី នៅឆ្នាំ២០២៤។ លោកប្រធានាធិបតី បានអះអាងបែបនេះ នៅក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយបុគ្គលិកយុទ្ធនាការ កាលពីថ្ងៃពុធ (ទី៣ ខែកក្កដា) ដោយបានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ និង អភិបាលរដ្ឋនានា ថា លោកប្រធានាធិបតី សមនឹងទទួលបានការឈរឈ្មោះបោះឆ្នោតជាថ្មី បើទោះជាការជជែកដេញដោលរបស់គាត់ បាននាំឲ្យមានការប៉ះរង្គោះរង្គើ កាលពីសប្តាហ៍មុនយ៉ាងណាក្ដី។

លោកប្រធានាធិបតី  ចូ បៃដិន បានបញ្ជាក់ នៅក្នុងការហៅតាមទូរស័ព្ទទៅកាន់សមាជិកក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គាត់ ដែលមានការព្រួយបារម្ភ និង បានប្រាប់ដល់ពួកគេ ថា គាត់មិនទៅណាទេ ហើយគាត់ប្ដេជ្ញាបន្ដឃោសនាបោះឆ្នោត រហូតដល់ទីបញ្ចប់។ ការលើកឡើងរបស់លោកប្រធានាធិបតី បានកើតឡើង ចំពេលមានសម្ពាធយ៉ាងខ្លាំង ដើម្បីជំរុញឲ្យគាត់ បោះបង់ចោលនូវការឈ្មោះជាថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងវិច្ឆិកា ខាងមុខនេះ។

លោក ឡយដ៍ ឌូគហ្គេត (Lloyd Doggett) សមាជិកសភា ប្រចាំរដ្ឋតិចសាស់ (Taxas) មកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២ ខែកក្កដា) ថា «គួរតែសម្រេចចិត្តប្រកប ដោយការឈឺចាប់ និង ពិបាកដកថយ។ ប៉ុន្ដែសម្រាប់ការសម្រេចចិត្តរបស់ខ្ញុំ នឹងធ្វើឱ្យមានភាពរឹងមាំជាសាធារណៈ មិនត្រូវបានធ្វើឡើង ដោយសើៗនោះទេ ហើយក៏មិនធ្វើឱ្យការគោរពរបស់ខ្ញុំ ថមថយ ចំពោះអ្វីទាំងអស់ ដែលលោកប្រធានាធិបតី បៃដិន បានសម្រេចចិត្តនោះដែរ។ ខ្ញុំទទួលស្គាល់ ថា លោកប្រធានាធិបតី បៃដិន មិនដូចជាលោក ដូណាល់ ត្រាំ ព្រោះការប្តេជ្ញាចិត្តដំបូងរបស់លោកប្រធានាធិបតី បៃដិន តែងតែមាន សម្រាប់ប្រទេសជាតិរបស់យើង មិនមែនត្រឹមតែ សម្រាប់ខ្លួនគាត់នោះឡើយ។ ខ្ញុំសង្ឃឹម ថា លោកប្រធានាធិបតី នឹងសម្រេចចិត្តប្រកបដោយការឈឺចាប់ និង លំបាកដកខ្លួនថយ។ ខ្ញុំសូមអំពាវនាវដល់លោកប្រធានាធិបតី គួរតែធ្វើដូច្នេះ ដោយការគោរព»។

លោក ឡយដ៍ ឌូគហ្គេត ក្លាយជាសមាជិកសភាដំបូងគេបង្អស់របស់គណបក្សប្រជាធិបតេយ្យ បានអំពាវនាវដល់លោកប្រធានាធិបតី ចូ បៃដិន បោះបង់ចោលនូវការឈរឈ្មោះជាថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតី សម្រាប់ឆ្នាំ២០២៤នេះ៕