2024-09-08 23:49
163

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីវ័យកណ្តាលម្នាក់ ដែលអ្នកប្រើប្រាស់គណនីហ្វេសប៊ុកមានឈ្មោះ «ហ៊ូ រុនអេង» ដែលបានចូលទៅខមិនក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះ​​​រាជាណាចក្រកម្ពុជា ដែលមានលក្ខណៈញុះញុងបង្កឱ្យមានការរើសអើងពូជសាសន៍ និងវាយប្រហារមកលើរាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រោយការចាប់ខ្លួនក្រុមប្រឆាំងជ្រុលនិយម នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះសារយ៉ាងដូច្នេះថា៖ «គ្មានការលើកលែងណាមួយត្រូវបានធ្វើសម្រាប់មនុស្សបែបនេះទេ​។ សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ»។ សម្តេចតេជោ បានសរសរបញ្ជាក់ថា​៖ «រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃ ដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។ អ្នកនៅក្រៅ​ប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សង្គមស៊ីវិល ឬជនបរទេស ឬបិតាសិទ្ធិនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុន បើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជា ឬច្បាប់អន្តរជាតិ»

តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចោទប្រកាន់លើឈ្មោះ ហ៊ូ វុនអេង ភេទស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ជនជាតិខ្មែរ ទឹកន្លែងកំណើត ភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ពីបទ៖ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញានេះ សម្តេចតេ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់សម្តេចថា៖ «ពេល Facebook ខ្ញុំបង្ហោះពីសិល្បករសិល្បការិនី ទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយតបដូចមានភ្ជាប់ជូន។ សូមសមត្ថកិច្ចស្វែងរកមនុស្សនេះ មកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ»។ សម្តេចតេជោ  បានបន្ថែមថា៖ «ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល»