2024-10-28 01:10
14

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំដំណើរទស្សនកិច្ចកម្សាន្ត ជូនមន្ត្រីរាជការ រដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាពោធិ៍សាត់ សរុបប្រមាណជិត២០០នាក់ឆ្ពោះទៅខេត្តកោះកុង រយៈពេល១យប់ ២ថ្ងៃ គិតចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ ដំណើរទស្សនកិច្ចកំសាន្តនៅខេត្តកោះកុងនេះ គឺក្រោមការឧបត្ថម្ភពី ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយមានសមាសភាពចូលរួមពី បុគ្គលិកហាត់ការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីរាជការរដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាពោធិ៍សាត់ សរុបប្រមាណជិត២០០នាក់។

លោកថា៖ រយៈពេល១យប់ ២ថ្ងៃ នៃដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុង មន្ត្រីរបស់យើង បានសិក្សាស្វែងយល់ និងទស្សនាទេសភាពដ៏ស្រស់ត្រកាលជាច្រើនកន្លែង តាមដងផ្លូវជាតិលេខ៥៥ ទឹកដីខេត្តពោធិ៍សាត់យើងផង ផ្លូវជាតិលេខ១០ រង្វង់មូលដំរី៥០៥ ឃុំប្រម៉ោយ, អាងស្តុកទឹកស្ទឹងអាតៃ ឃុំអូរសោម ស្រុកវាលវែង, ស្ទឹងដំណាក់ក្បូន, ព្រៃកោងកាង, ឆ្នេរសន្តិភាព កោះកុងស៊ីហ្វូត, ឆ្នេរប៉ាក់ខ្លង...។ល។

លោកនាយករដ្ឋបាលដដែលក៏បានលើកឡើងថា៖ សក្ដានុពលនៃវិស័យទេសចរណ៍ ក្នុងខេត្តកោះកុង មិនខុសគ្នាឆ្ងាយពីខេត្តពោធិ៍សាត់ ច្រើនប៉ុន្មានទេ គ្រាន់តែថាខេត្តកោះកុង ជាខេត្តអេកូទេសចរណ៍មួយ នៃព្រះរាជាណាចក្រកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើន ដែលជាគោលដៅចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយមានបែងចែកតំបន់ទេសចរណ៍ ជាតំបន់ភ្នំ និងតំបន់ឆ្នេរ ជាពិសេសមានខ្សែផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង កាត់តាមផ្លូវជាតិលេខ៥៥ ត្រង់ចំណុចប្រសព្វរង្វង់មូលដំរី៥០៥ ឃុំប្រម៉ោយ ឆ្លងកាត់ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក សួង សារ៉ាវុធ បានបញ្ជាក់ថា៖ តាងនាមឱ្យបុគ្គលិកហាត់ការ មន្ត្រីជាប់កិច្ចសន្យា  មន្ត្រីរាជការរដ្ឋបាលខេត្ត និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាពោធិ៍សាត់ទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានរៀបចំ គាំទ្រ និងចំណាយទាំងស្រុង លើដំណើរទស្សនកិច្ចកំសាន្តឆ្ពោះទៅខេត្តកោះកុងនេះ។

ពួកគេប្តេជ្ញាយកចិត្តទុកដាក់ បំពេញកិច្ចការងារ តាមតួនាទីភារកិច្ច និងជំនាញរបស់ខ្លួន ព្រមទាំងជម្រុញផ្សព្វផ្សាយ ដើម្បីឱ្យខេត្តពោធិ៍សាត់ មានទេសចរចូលមកទស្សនាកម្សាន្តឱ្យកាន់តែច្រើនឡើង៕