2024-11-04 02:11
30

បេឡាជាតិសន្តិសុខសង្គម ( ប . ស . ស .) បានជំរុញដល់ប្រជាពលរដ្ឋពិសេសបុគ្គល ស្វ័យនិយោជន៍ដែលមិនទាន់មានប័ណ្ណ ប.ស.ស ប្រញាប់រួសរាន់ទៅធ្វើប័ណ្ណសមាជិក ប .ស.ស នៅតាមសាខានានា ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលក្នុងនោះ លែងបារម្ភទៅមន្ទីរពេទ្យពេលមានជំងឺ។

បើតាម ប.ស.ស បានបញ្ជាក់ថា នៅពេលពលរដ្ឋមានប័ណ្ណសមាជិក ប.ស.ស. អស់បារម្ភ ថ្លៃពេទ្យមានការគាំពារពេលមានគ្រោះថ្នាក់កាត់បន្ថយចំណាយក្នុងគ្រួសារសម្រាលកូន ដោយឥតអស់លុយ និងសម្រាលកូនបានប្រាក់ឧបត្ថម្ភទៀតផង។

ប.ស.ស បានបន្ថែមថាប្រសិនបើ ប្រជាពលរដ្ឋមានចម្ងល់ទាក់ទិននឹងការធ្វើ ប័ណ្ណ ប.ស. ស. សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមរបស់ ប.ស.ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈបានឱ្យដឹងថាបេឡាជាតិសន្តិសុខសង្គមក៏ទទួលកុមារចូលជាសមាជិកផងដែរដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រដោយ ឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេសទាំងមន្ទីរពេទ្យសាធារណៈនិង ឯកជនក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់និងជំងឺជាអកុសលរហូតដល់ស្លាប់ បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គមនឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយ ទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត។

លោកបានឱ្យដឹងថាគិតត្រឹមដើមខែ តុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស .ស.) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលសមាជិករបស់ខ្លួន កើនឡើងដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គលស្ថិតក្នុង វិស័យសាធារណៈ ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់ , បុគ្គលស្វ័យនិយោជន៍ចំនួន ៣៦២ ៣៥៥ នាក់ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស ចំនួន ១១៦ ៩៥០ នាក់ ដែលទាំងនេះបង្ហាញថាប្រជាពលរដ្ឋ កាន់តែជឿទុកចិត្តនិងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម ( ប. ស.ស)៕