2024-11-23 15:30
6

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយមួយថ្ងៃបន្ទាប់ពីប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងថ្មី នៅឯទីក្រុង Dnipro របស់អ៊ុយក្រែន។

នៅក្នុងសុន្ទរកថាទូរទស្សន៍ដែលមិនបានគ្រោងទុក មេដឹកនាំរុស្ស៊ីបាននិយាយថា កាំជ្រួច Oreshnik មិនអាចស្ទាក់ចាប់បានទេ ហើយសន្យាថានឹងធ្វើការសាកល្បងបន្ថែមទៀត រួមទាំងនៅក្នុងលក្ខខណ្ឌប្រយុទ្ធផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកកំពុងស្នើសុំដៃគូលោកខាងលិច សម្រាប់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារដែនអាកាស។

ឯនៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ លោក ពូទីន បាននិយាយថា កាំជ្រួច Oreshnik បានហោះក្នុងល្បឿន ១០ ដងនៃសំឡេង ហើយបានបញ្ជាឲ្យដាក់ដំណើរការផលិត។ 

លោកធ្លាប់បាននិយាយថា ការប្រើកាំជ្រួចនេះគឺជាការឆ្លើយតបចំពោះការប្រើប្រាស់កាំជ្រួច Storm Shadow និង Atacms របស់អ៊ុយក្រែន។

លោក Justin Crump ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនប្រឹក្សាហានិភ័យ Sibyline បានប្រាប់ BBC ថា ទីក្រុងមូស្គូទំនងជាប្រើការវាយប្រហារនេះ ជាការព្រមានដោយកត់សម្គាល់ថា មីស៊ីលដែលលឿនជាងនិងទំនើបជាងប្រភេទផ្សេងទៀតនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន មានសមត្ថភាពប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរទៅដល់អ៊ុយក្រែន។

ការកើនឡើងក្នុងសប្ដាហ៍នេះ ក៏បានជម្រុញឲ្យមានការព្រមានជាច្រើនពីមេដឹកនាំពិភពលោកផ្សេងទៀតអំពីទិសដៅនៃសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន។

ដោយនៅក្នុងនោះ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បាននិយាយថា សង្គ្រាមកំពុងឈានចូលដល់ដំណាក់កាលសម្រេចចិត្តដោយមានហានិភ័យពិតប្រាកដនៃជម្លោះពិភពលោក។ 

ចំណែកនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ក៏បាននិយាយដែរថាលោកខាងលិចគួរតែទទួលយកការព្រមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ព្រោះរុស្ស៊ីផ្អែកទៅលើគោលនយោបាយរបស់ខ្លួនជាចម្បងលើអំណាចយោធា។

ប៉ុន្តែពេលនេះ ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ ទៅប្រយុទ្ធនៅខាងរុស្ស៊ីហើយកងកម្លាំងអ៊ុយក្រែនបានរាយការណ៍ពីការប៉ះទង្គិចជាមួយពួកគេនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែលទាហានអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីមួយចំនួន។

ប្រធានាធិបតីអាមេរិកលោក បៃឌិន បាននិយាយថា លោកបានផ្ដល់ការអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើប្រាស់នូវកាំជ្រួច Atacms ដែលមានរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការប្រើប្រាស់កងទ័ពរបស់ទីក្រុងម៉ស្គូ។

គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្ដើមការលុកលុយយ៉ាងពេញទំហឹងទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ 

ហើយពេលនេះប្រទេសទាំងពីរកំពុងតែព្យាយាមដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងសមរភូមិ មុនពេលដែលលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា។ 

ដោយនៅក្នុងនោះលោក ត្រាំ ក៏ធ្លាប់បានប្ដេជ្ញាដែរថា លោកនឹងបញ្ចប់សង្គ្រាមក្នុងរយៈពេលប៉ុន្មានម៉ោង ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតអំពីរបៀបថាត្រូវធ្វើយ៉ាងណានោះទេ៕