រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលលោក ដូណាល់ ត្រាំ បានប្រកាស អំពីការដំឡើងពន្ធ រហូតដល់២៥ភាគរយ ទៅលើទំនិញនាំចូល មកពីប្រទេសម៉ិកស៊ិក និង កាណាដា នោះមក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន សង្ឃឹម ថា ប្រធានាធិបតីជាប់ឆ្នោត នឹងគិតពិចារណាឡើងវិញអំពីបញ្ហានេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាពីព្រឹក ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជិតផុតអាណត្ដិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែវិច្ឆិកា) ថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងគិតពិចារណាឡើងវិញលើផែនការរបស់គាត់ត្រូវដំឡើងពន្ធ ចំនួន២៥ភាគរយ លើទំនិញនាំចូល មកពីប្រទេសកាណាដា និង ម៉ិកស៊ិក។ ករណីនេះអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន។
លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មានថា៖«ខ្ញុំសង្ឃឹមថា លោក ត្រាំ នឹងគិតឡើងវិញ។ ខ្ញុំគិតថា វាជារឿងដែលត្រូវតែប្រឆាំង។
យើងមានស្ថានភាពមិនធម្មតាមួយនៅអាមេរិក ហើយយើងហ៊ុមព័ទ្ធ ដោយមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លង់ទិក និង សម្ពន្ធមិត្តទាំងពីរ គឺម៉ិកស៊ិក និងកាណាដា។
រឿងចុងក្រោយដែលយើងត្រូវធ្វើ គឺចាប់ផ្តើមទំនាក់ទំនងទាំងនេះឯង»។
ដោយឡែក លោកស្រី គ្លោឌៀ សេនបោម (Claudia Sheinbaum) ប្រធានាធិបតីម៉ិកស៊ិក បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) ថាប្រទេសម៉ិកស៊ិក នឹងសងសឹកតបតវិញ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្វើតាមផែនការរបស់គាត់ដំឡើងពន្ធចំនួន២៥ភាគរយ។
រដ្ឋាភិបាលរបស់លោកស្រី បានព្រមានថា ការដំឡើងពន្ធបែបនេះ អាចនឹងសម្លាប់ការងារចំនួន៤00000កន្លែង នៅសហរដ្ឋអាមេរិក និង ជំរុញឲ្យតម្លៃឡើងថ្លៃសម្រាប់អ្នកប្រើប្រាស់រថយន្ដរបស់សហរដ្ឋអាមេរិក។
លោកស្រី ប្រធានាធិបតីម៉ិកស៊ិក បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា៖«ប្រសិនបើសហរដ្ឋអាមេរិក ដំឡើងពន្ធនាំចូលពីប្រទេសម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក នោះ ម៉ិកស៊ិកក៏នឹងដំឡើងពន្ធផងដែរ។ នេះជាវិធានការសងសឹក ដែលអាចធ្វើឲ្យពាណិជ្ជកម្មប្រឆាំងនឹងដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន»។
ស្របគ្នានេះដែរ លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក បានព្រមាន ថា ការដំឡើងពន្ធរបស់អាមេរិក នឹងនាំឱ្យបាត់បង់ការងារដ៏ធំ នៅប្រទេសមហាអំណាចកំពូលមួយនេះ និងមានកំណើនទាបហើយវាប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដែលផលិត នៅម៉ិកស៊ិក តាមរយៈការបង្កើនប្រសិទ្ធភាពទ្វេដងសម្រាប់ពន្ធដែលពួកគេបានបង់។
ផលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក នឹងមានទំហំធំ។ រីឯពន្ធដែលបានស្នើឡើងនេះ នឹងប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ ឆ្លងកាត់ព្រំដែន សម្រាប់វិស័យរថយន្តរបស់អាមេរិក ជាពិសេស គឺក្រុមហ៊ុន Ford។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា អំពីផែនការដំឡើងពន្ធចំនួន២៥ភាគរយ ទៅលើទំនិញនាំចូលមកពីប្រទេសកាណាដា និង ម៉ិកស៊ីក នៅថ្ងៃកាន់តំណែងដំបូងរបស់គាត់ ដោយមិនលើកលែងលើប្រេងឆៅ ដូចអ្វីដែលនាយកប្រតិបត្តិឧស្សាហកម្មរំពឹងទុកនោះឡើយ។
បណ្ដាមេដឹកនាំប្រទេសនានា និង ក្រុមមន្ត្រីកំពូលផ្សេងៗទៀត បានព្រមាន ថា សង្រ្គាមពាណិជ្ជកម្ម អាចនឹងផ្ទុះឡើង។
រីឯសេដ្ឋកិច្ចនឹងត្រូវខូចខាត ហើយពួកគេកំពុងតែស្វែងរកការពិភាក្សា ជាមួយនឹងលោក ដូណាល់ ត្រាំ បន្ទាប់ពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ដោយរួមទាំងការយកពន្ធបន្ថែមចំនួន១០លើទំនិញរបស់ចិន រហូតល្គឹកណាប្រទេសធំៗទាំងបីនេះ អាចទប់ស្កាត់លំហូរចូលគ្រឿងញៀនដោយខុសច្បាប់ និង រារាំងដល់ជនចំណាកស្រុកឆ្លងកាត់ព្រំដែនចូលមកកាន់សហរដ្ឋអាមេរិក៕