2024-11-29 12:36
8

ឥណ្ឌូនេស៊ី៖  Fast Food Indonesia (FAST) ដែលជាក្រុមហ៊ុនប្រតិបត្តិការនៃហាង KFC នៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺបានរងនូវការខាតបង់យ៉ាងខ្លាំងដោយសារតែការធ្វើពហិការដ៏ធំមួយ ដែលជម្រុញដោយសាធារណៈជនជុំវិញជម្លោះរវាង អ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន គួបផ្សំជាមួយនឹងការទើបតែបានធូរស្បើយយឺតពីជំងឺរាតត្បាត Covid-19 ផងនោះ។

ក្រោយពីកើតមាននូវវិបត្តិដ៏ធ្ងន់ធ្ងរបែបនេះហើយ ក្រុមហ៊ុនប្រតិបត្តិការនៃហាង KFC បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ព្រឹត្តិការណ៍ទាំងពីរនេះ បានជះឥទ្ធពលអវិជ្ជមានដល់ដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងរយៈពេលប្រាំបួនខែជាប់ៗគ្នា ដែលពេលនេះត្រូវបានបញ្ចប់នៅថ្ងៃ ៣០ ខែ កញ្ញា ឆ្នាំ ២០២៤”។

ការខាតបង់នៅត្រីមាសទីបីរបស់ក្រុមហ៊ុននៃហាង KFC នេះ គឺមានការកើនឡើងយ៉ាងខ្លាំងរហូតដ៏ទៅ 266.45 ភាគរយ បើប្រៀបធៀបទៅនឹងការខាតបង់ចំនួន ១៥២ ពាន់លាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុហ៊ុនបានបង្ហាញ។ 

បន្ថែមពីនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះរហូតទៅដល់ 22.34 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំមកសល់ត្រឹម 2.58 ពាន់លាន ខណៈពេលដែលការលក់អាហារ និងភេសជ្ជៈបានមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតទៅដល់ 22.39 ភាគរយ ពី RP 4.6 trillion ទៅ Rp 3.57 trillion ។

ហើយពេលនេះ ចំនួនហាង KFC ឥណ្ឌូនេស៊ីបានថយចុះពី 762 នៅខែ ធ្នូ ឆ្នាំ ២០២៣ មកសល់ 715 នៅក្នុងខែ កញ្ញា ឆ្នាំ ២០២៤ រួមជាមួយនឹងកម្លាំងការងារសរុបបានធ្លាក់ចុះពី 15,989 សល់ត្រឹម 13,715 បើគិតក្នុងរយៈពេលដូចគ្នានេះ។ 

លើសពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន FAST ដែលកាន់អាជ្ញាប័ណ្ណសម្រាប់ម៉ាកអាហាររហ័សផ្សេងទៀតរួមមានដូចជា Naughty by Nature និង Taco Bell បានធ្លាក់ចុះប្រហែលជា 60% ពីមួយឆ្នាំទៅមួយឆ្នាំនេះបើគិតមកត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ។