2024-12-19 15:04
62

ភ្នំពេញ៖ តារ៉ាចម្រៀងរ៉េបដ៏ល្បីល្បាញ និងពេញនិយមក្នុងស្រទាប់យុវវ័យ លោក លី វណ្ណថាន (Vanthan) ដែលកំពុងផ្ទុះរឿងអាស្រូវពាក់ព័ន្ធករណី បៀតបៀនផ្លូវភេទ និងបានចម្លងជំងឺដ៏កាចសាហាវឱ្យទៅនារីម្នាក់ បានសម្រេចចាត់វិធានការតាមផ្លូវច្បាប់ទៅលើរឿងនេះ ដោយដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការ ដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន «Vanthan-វណ្ណថាន» តារាចម្រៀងសម័យរ៉េប លោក វណ្ណថាន បានបង្ហោះលិខិតបំភ្លឺ ០១ច្បាប់ វណ្ណថាន បានប្រាប់ទៅកាន់អ្នកគាំទ្រ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ «សប្តាហ៍ដែលទើបតែកន្លងមកនេះ គឺជាពេលដែលពិបាក និងរឱ្យអាម៉ាស់បំផុតក្នុងជីវិតរបស់ខ្លួន។ ពុកម៉ែ បងប្អូនមានមន្ទិល និងចម្ងល់ជាច្រើន ទាក់ទងនឹងភាពស្ងៀមស្ងាត់របស់ខ្លួន»។ តារាចម្រៀងរ៉េបដែលកំពុងផ្ទុះរឿងអាស្រូវរូបនេះ បានបកស្រាយទៀតថា៖ «ថ្ងៃនេះខ្ញុំសូមបកស្រាយ និងបំភ្លឺជាសាធារណៈ ថាការស្ងៀមស្ងាត់របស់ខ្ញុំ គឺដោយសារ ខ្ញុំបាទបានទទួលការប្រឹក្សាពីខាងក្រុមមេធាវីរបស់ខ្ញុំបាទសុំអោយរក្សាភាពស្ងៀមស្ងាត់មិនតបត ដើម្បីងាយស្រួលនឹងប្រមូលភ័ស្តុតាងទាក់ទងនឹងករណីនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំបាទ»

វណ្ណថាន បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺថា៖ «ជឿជាក់លើប្រព័ន្ធតុលាការ និងការដោះស្រាយបញ្ហានេះ តាមនីតិវិធីច្បាប់ហើយជឿជាក់ថា ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងដោះស្រាយបញ្ហានេះ ដោយយុត្តិធម៌ និងការពារភាពស្អាតស្អំរបស់ខ្លួន។ វណ្ណថាន់ ក៏បានអំពាវនាវ ដល់អ្នកកាន់បណ្តាញសង្គម និងប្រព័ន្ធសារព័ត៌មានទាំងអស់ ដែលបានតាមដាន និងចុះផ្សាយព័ត៌មានទាក់ទងនឹង ករណីនេះ សូមមេត្តាកុំបន្តការផ្សព្វផ្សាយ និងចែករំលែក ព័ត៌មាននេះបន្តទៀត ហើយសូមរង់ចាំការសម្រេចសេចក្តីរបស់តុលាការ មុនពេលចុះផ្សាយ ឬក៏ធ្វើការវិនិច្ឆ័យណាមួយដោយពុំមានមូលដ្ឋាន ឬប្រភពច្បាស់លាស់»។ 

វណ្ណថាន បានបញ្ជាក់ទៀតថា៖ «រយៈពេលកន្លងមកនេះ មានបណ្តាញសារព័ត៌មាន និងគេហទំព័រជាច្រើនបានចុះផ្សាយព័ត៌មានមិនពិតទាក់ទងនឹងខ្ញុំបាទពេញទូទាំងប្រទេស ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គល និងអាជីពរបស់ខ្ញុំបាទ ក៏ដូចជាបំពុលបណ្តាញសង្គមទូទាំងប្រទេស»

តារាចម្រៀងរ៉េប វណ្ណថាន បានធ្វើការសូមទោសដោយគោរពទៅកាន់អ្នកគាំទ្រ ក៏ដូចជាសាធារណជនទាំងអស់ ដោយរឿងនេះ បង្កជាការជ្រួលច្របល់ ក្នុងបណ្តាញសង្គម។ ខ្លួនពិតជាមានការពិបាកខ្លាំងមែនទែន ដែលមិនអាចធ្វើការបកស្រាយភ្លាមៗជូនទៅកាន់ បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ខណៈពេលដែលកេរ្តិ៍ឈ្មោះ និងកិត្តិយសត្រូវបានបង្អួចបែបនេះ។ ដោយហេតុនេះហើយ ទើបខ្លួនសម្រេចចិត្តដោះស្រាយបញ្ហានេះ តាមនីតិវិធី គឺតាមច្បាប់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងស្រោចស្រង់កេរ្តិ៍ឈ្មោះ និងកិត្តិយសមកវិញ។

តារាចម្រៀង លី វណ្ណថាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នឹងប្រគល់ជូនលទ្ធផលតេស្តសុខភាពស្អាតស្អំរបស់ខ្ញុំទៅកាន់តុលាការ។ ខ្ញុំបាទសូមសំណូមពរ ឱ្យពុកម៉ែ បងប្អូន រង់ចាំការសម្រេចរបស់តុលាការមុនពេលធ្វើការអារកាត់ណាមួយ និងសូមអរគុណជាអនេកកប្បការដល់អ្នកទាំងគ្នា ដែលបាននៅក្បែរខ្ញុំ និង បន្តការស្រលាញ់គាំទ្រ ខ្ញុំបាទ ក្នុងគ្រាដ៏លំបាកនេះ»

សូមជម្រាបថា ក្នុងរយៈពេលប្រហែលជាង១សប្តាហ៍កន្លងមកនេះ មាននារីម្នាក់ បានបង្ហោះវីដេអូលើបណ្តាញសង្គមនានា ដោយធ្វើការចោទប្រកាន់ទៅលើតារាចម្រៀងរ៉េប វណ្ណថា បានបៀតបៀនផ្លូវភេទលើរួបនាង និងបានចម្លងជំងឺដ៏អាចសាហាវ ត្រូវប្រឈមមុខការវះកាត់ និងលាងឈាម។ នារីម្នាក់នោះ បានទាមទាឱ្យតារាចម្រៀង វណ្ណថាន ចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តុំមិនគប្បីលើផងដែរ៕