(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជាការធ្វើឲ្យអាណាព្យាបាល និងសិស្សផ្លាស់ប្ដូរផ្នត់គំនិតពីការរត់ទៅពឹងពាក់អ្នកដទៃដើម្បីទទួលបានជោគជ័យក្នុងការប្រឡង មកភាពម្ចាស់ការប្រឹងប្រែងពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលសិស្សម្នាក់ៗ។
នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា លទ្ធផលជោគជ័យរបស់បេក្ខជន នៅពេលនេះ គឺបានមកពីកិច្ចប្រឹងប្រែងរបស់សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សខ្លួនឯងផ្ទាល់។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងទៀតថា «ការប្រឡង រឿងជាប់ធ្លាក់ សុក្រឹត្យភាពជារឿងមួយដែលយើងចង់បាន ប៉ុន្ដែអ្វីជាគោលដៅធំគឺផ្លាស់ប្ដូរផ្នត់គំនិត ទើបមានចីរភាព។
ប្ដូរផ្នត់គំនិតពីការពឹងអ្នកក្រៅខ្លួន មកពឹងក្នុងខ្លួន ពីឪពុកម្ដាយដែលខំទៅចរចា លោកគ្រូ អ្នកគ្រូ ឲ្យជាប់មកជាខំប្រឹងដេញកូនឲ្យទៅរៀន ព្រោះជួយលែងបានហើយ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបី ហ៊ុន ម៉ាណែត, ឪពុក ម្ដាយ អាណាព្យាបាលរូបណា ក៏ចង់ឲ្យកូនរបស់ខ្លួនទទួលបានជោគជ័យក្នុងការប្រឡងនេះដែរ ប៉ុន្ដែការជួយកូនឲ្យទទួលជោគជ័យ គឺមានវិធីសាស្ដ្រផ្សេងៗពីគ្នា។
សម្ដេចបានលើកឧទាហរណ៍ថា ប្រសិនបើឪពុកម្ដាយ រត់ការពឹងអ្នកដទៃដើម្បីឲ្យកូនជោគជ័យត្រឹមការប្រឡងបាក់ឌុបនោះមិនមាននិរន្ដរ៍ភាពឡើយ ព្រោះកូនៗរបស់ ពួកគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទៀតនៅពេលខាងមុខ ដូច្នេះឪពុក ម្ដាយ មិនអាចដឹកដៃកូនរហូតបានឡើយ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យសិស្សបញ្ចប់ធម្យមសិក្សាទុតិយភូមិ ត្រូវបន្តប្រឹងប្រែងរៀនឲ្យបានជាប់ជាប្រចាំ ហើយកុំរវើរវាយទើបទទួលបានជោគជ័យ។
សម្ដេចបញ្ជាក់ថា ដំណើរជីវិតរបស់មនុស្សម្នាក់ខុសៗគ្នា ប៉ុន្តែគ្មានការជោគជ័យណាមួយ ដែលគ្មានការប្រឹងប្រែងហើយផ្តេកផ្តួលជាមួយបញ្ហានោះឡើយ ដូច្នេះត្រូវតែខំប្រឹងប្រែងបង្កើន សមត្ថភាពផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវការផ្តល់ការយកចិត្តទុក ដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។
ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោ បានសម្រេចផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។
ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលលោក ហង់ ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ។