រដ្ឋធានីបាគូ៖ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអាសែបៃហ្សង់ ដឹកអ្នកដំណើរ និងអាកាសយានិក ចំនួន ៦៧នាក់ បានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ ធ្លាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្លាប់មនុស្សចំនួន ៣៨នាក់ ខណៈអ្នកដំណើរចំនួន ២៩នាក់ផ្សេងទៀតបានរួចផុតពីគ្រោះថ្នាក់។
ទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ថា បើតាមអាជ្ញាធរកាហ្សាក់ស្ថាន បានឲ្យដឹងថា យន្ដហោះមួយគ្រឿងរបស់ប្រទេសអាសែបៃហ្សង់ ដែលដឹកអ្នកដំណើរចំនួន ៦៧នាក់ បានធ្លាក់នៅជិតទីក្រុងអាក់តូ (Aktau) នៃប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃពុធ។
ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្សចំនួន ៣៨នាក់ នៅក្នុងយន្ដហោះ។
លោក កាណាត បូហ្ស៊ូមបាយែវ (Kanat Bozumbayev) ឧបនាយករដ្ឋមន្រ្ដីកាហ្សាក់ស្ថាន បានបញ្ជាក់ថា នៅក្នុងប្រតិបត្ដិការជួយសង្គ្រោះនោះ អាជ្ញាធរកាហ្សាក់ស្ថាន បានរកឃើញមនុស្សចំនួន ២៩នាក់ នៅរស់រានមានជីវិត ហើយត្រូវបានទាញចេញពីបំណែកយន្ដហោះ ដោយក្នុងនោះមានកុមារចំនួន ២នាក់ផងដែរ។
នៅក្នុងចំណោមអ្នករស់រានមានជីវិតទាំង២៩នាក់នោះ មាន១១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមហ៊ុនអាកាសចរណ៍អាសែបៃហ្សង់បានបញ្ជាក់ថា យន្ដហោះមួយគ្រឿងរបស់ខ្លួន មានជើងហោះហើរ លេខ J2-8243 បានហោះចេញពីរដ្ឋធានីបាគូ (Baku) ប្រទេសអាសែបៃហ្សង់ ឆ្នោះទៅកាន់ទីក្រុងហ្គ្រោសនី (Grozny) នៃតំបន់ឆែកឆេន (Chechnya) របស់រុស្ស៊ីនៅមុនពេលយន្ដហោះបានស្នើសុំចុះចតបន្ទាន់នៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីទីក្រុងអាក់តូ (Aktau) ប្រទេសកាហ្សាក់ស្ថាន។
លោក អ៊ីលហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីអាសែបៃហ្សង់ បានប្រកាស កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ថ្ងៃនេះជាថ្ងៃកាន់ទុក្ខជាតិនិងបានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់គាត់ ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៃមេដឹកនាំនៃរដ្ឋឯករាជ្យ (CIS) ធ្លាប់ជាអតីតរដ្ឋរបស់សហភាពសូវៀត។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ី Interfax បានដកស្រង់សម្ដីរបស់ឧបនាយករដ្ឋមន្រ្ដីកាហ្សាក់ស្ថាន លោក កាណាត ប៊ូហ្ស៊ូមបាយែវ (Kanat Bozumbayev) ដោយបានបញ្ជាក់ថា៖«ស្ថានភាពអាក្រក់ណាស់គឺមនុស្សចំនួន ៣៨នាក់បានស្លាប់។ រីឯប្រទេសកាហ្សាក់ស្ថានកំពុងតែបើកការស៊ើបអង្កេតនៅក្នុងករណីនេះ។
ក្រុមហ៊ុនអាកាសចរណ៍អាសែបៃហ្សង់ បានរាយការណ៍ថា មនុស្សនៅក្នុងយន្ដហោះ ដែលជួបនឹងគ្រោះថ្នាក់នោះមានចំនួន ៦៧នាក់ ហើយក្នុងនោះមានអ្នកដំណើរចំនួន ៦២នាក់ និងអាកាសយានិក ចំនួន៥នាក់។
យន្ដហោះនោះ បានស្នើសុំការចុះចតបន្ទាន់នៅប្រហែលចម្ងាយ៣គីឡូម៉ែត្រពីទីក្រុងអាក់តូ៕