2025-01-09 12:12
94

ភ្នំពេញ៖   ខ្មាន់កាំភ្លើងជាឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេសថៃ សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនទៅឱ្យសមត្ថកិច្ចនគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់នគរបាលជាតិកម្ពុជា បញ្ចប់នីតិវិធីក្នុងការសាកសួរ និងសំណុំកសាងតាមនិតិវិធី។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយរូប កាលពីវេលាម៉ោង ១៧និង៤៥នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ នៅចំណុច ផ្លូវ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា៖ «បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចថៃ បានធ្វើការស្រាវជ្រាវ និងបានកំណត់អត្តសញ្ញាណ ជនសង្ស័យមានឈ្មោះ Ekkalak Pheanoi ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើកម្មភាព ជនសង្ស័យរូបនេះ បានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា»។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា៖ «ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុច ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង»។ 
បច្ចុប្បន្ន ជនសង្ស័យជាខ្មាន់កាំភ្លើងបាញ់ប្រហារលើអតីតតំណាងរាស្ត្រគណបក្សប្រឆាំង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរ និងបន្តនីតិវិធី។
អ្នកនាំពាក្យ នៃអគ្គស្នងការនគរបាលបាលជាតិ បានបញ្ជាក់ថា៖ «ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី»៕