2025-02-05 14:44
37

ភ្នំពេញ៖ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការនគរបាលជាតិ ព្រមាន និងធ្វើកិច្ចសន្យាចំពោះ អ្នកលក់ឡេអនឡាញ Love Riya មានងារជា «ឧកញ៉ា» ឱ្យបញ្ឈប់រាល់សកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប «ព្រះនាងឥន្ទ្រទេវី» តែម្តង។

នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា៖ នៅទីស្តីការក្រសួងវប្បធម៌ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។ 

ក្រសួងបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី»។ 

ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមទៀតថា៖ «ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថានឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ»។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តអំពាវនាវផងដែរដល់គ្រប់មជ្ឈដ្ឋានទាំងអស់ សូមចៀសវាងនូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិ និងប្រជាជន និងសូមចូលរួមទាំងអស់គ្នា ក្នុងកិច្ចការថែរក្សា ការពារ និងលើកតម្កើងវប្បធម៌ជាតិ ឱ្យបានគង់វង្ស រុងរឿងតទៅមុខ៕