2025-09-18 18:22
52

ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្សតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទ ជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធ​នឹងការ​វិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

សម្តេចធិបតីនាយលរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជម្រាបប្រាប់ប្រធានប្តូរវេនអាស៊ាន ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិល របស់កម្ពុជា ដែលបានបណ្តាលឱ្យមាន​ការរងរបួសជាច្រើននាក់»។ 

ដោយស្ថានការណ៍នៅ​ថ្ងៃ​នេះ ​បន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត សម្តេច ហ៊ុន ម៉ាណែត បានស្នើទៅលោក Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែលកុំ​ឱ្យមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕