2025-10-20 09:41
19

ប៉េកាំង៖ ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចអាថ៌កំបាំង និងជ្រៀតចូលមជ្ឈមណ្ឌលពេលវេលាជាតិរបស់ប្រទេសខ្លួន ដោយព្រមានថា ការរំលោភយ៉ាងធ្ងន់ធ្ងរអាចរំខានដល់បណ្តាញទំនាក់ទំនង ប្រព័ន្ធហិរញ្ញវត្ថុ ការផ្គត់ផ្គង់ថាមពល និងពេលវេលាស្តង់ដារអន្តរជាតិ។

តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២០ តុលា នេះបានឲ្យដឹងថាក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួនកាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននឹងកំពុងអនុវត្តប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺណេត លើមជ្ឈមណ្ឌលសេវាកម្មម៉ោងជាតិរបស់ប្រទេសខ្លួន។ 

ក្រសួងខាងលើ បន្តថា ពួកគេបានរកឃើញភ័ស្តុតាងតាមដានទិន្នន័យ និងព័ត៌មានសម្ងាត់ដែលត្រូវបានលួចក្នុងឆ្នាំ ២០២២ ដែលត្រូវបានប្រើដើម្បីឈ្លបយកការណ៍លើឧបករណ៍ចល័ត និងប្រព័ន្ធបណ្តាញរបស់បុគ្គលិកនៅមជ្ឈមណ្ឌលចិន។

ជុំវិញការចោទប្រកាន់នេះ ស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង បាននិយាយថា "ប្រទេសចិនគឺជាការគំរាមកំហែងតាមអ៊ីនធឺណិតសកម្មបំផុត និងជាប់លាប់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក វិស័យឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។" 

គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក តែងតែបង្កើនការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារតាមអ៊ីនធឺណិត ដែលភាគីនីមួយៗ សុទ្ធតែបង្ហាញពីការគំរាមកំហែងចម្បងក្នុងប្រទេសរៀងៗខ្លួន៕