ថៃ៖ លោកស្រី Paetongtarn Shinawatra អតីតនាយករដ្ឋមន្ត្រី បានប្រកាសលាលែងពីតំណែងប្រធានគណបក្សភឿថៃដើម្បីបើកផ្លូវឲ្យការផ្លាស់ប្តូរថ្មីក្នុងការដឹកនាំគណបក្ស។ ការប្រកាសនេះ ធ្វើឡើងថ្ងៃទី២២ ខែតុលា ២០២៥នេះ។
គណបក្សភឿថៃ បានចេញសេចក្ដីប្រកាសថា លោកស្រី Paetongtarn បានសម្រេចចិត្តលាលែងពីតំណែង «ប្រធានគណបក្ស» ដើម្បីបើកផ្លូវឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងបន្តការអភិវឌ្ឍគណបក្សឲ្យសមស្របនឹងស្ថានភាពនយោបាយសព្វថ្ងៃ។
អតីតីនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា «ការសម្រេចចិត្តនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីបើកឱកាសឲ្យគណបក្សមានកម្លាំងថ្មី និងផ្លាស់ប្តូរទិសដៅក្នុងការបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព»។
លោកស្រីបានថ្លែងថា «ប្រទេសថៃកំពុងប្រឈមនឹងការផ្លាស់ប្តូរយ៉ាងលឿន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ។ ដូច្នេះ គណបក្សត្រូវតែធ្វើការផ្លាស់ប្តូរការដឹកនាំ ដើម្បីបន្តស្ថាបនាប្រទេសឲ្យរីកចម្រើន និងរឹងមាំជាបន្តទៀត»។
លោកស្រី Paetongtarn Shinawatra បាននិយាយថា៖ “ការផ្លាស់ប្តូរគណបក្សភឿថៃ ត្រូវចាប់ផ្តើមឲ្យបានឆាប់បំផុត ដើម្បីឲ្យគណបក្សមានសមត្ថភាពប្រជែង និងឈ្នះការបោះឆ្នោត។ ការលាលែងរបស់លោកស្រី គឺដើម្បីបើកឱកាសឲ្យកម្លាំងថ្មីៗចូលរួមក្នុងការដឹកនាំ និងបន្តសង់គណបក្សឲ្យរីកចម្រើនជាមួយប្រជាជន”។
ទោះបីបានលាលែងពីតំណែង ក៏ដោយ លោកស្រីបានបញ្ជាក់ថា «នឹងនៅតែជាសមាជិកនៃគណបក្សភឿថៃ បន្តធ្វើការជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋ ដើម្បីជំរុញគណបក្សឲ្យក្លាយជាគណបក្សសម័យថ្មី ដែលឈរយ៉ាងរឹងមាំជាប់ជាមួយប្រជាជនថៃ»។





