2025-10-29 14:51
82

នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានលើកឡើងពីកង្វល់ដែលបានលើកឡើងទាក់ទងនឹងការដោះលែងទាហានកម្ពុជា ចំនួន ១៨នាក់ គឺអាចនឹងធ្វើឡើងនៅពេលដែលកម្ពុជាគោរពតាមលក្ខខណ្ឌ ចំនួន ០៤ ចំណុច ដើម្បីធានាបាននូវការបញ្ចប់អរីយភាព។

 បន្ទាប់ពីកិច្ចពិភាក្សារវាងប្រទេសថៃ និងកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់ The Nation បានស្រង់សម្តី លោក Winthai ដោយបានបញ្ជាក់ថា ការសម្រេចចិត្តដោះលែង “អ្នកទោសសង្គ្រាម” ដោយប្រទេសថៃ អនុវត្តតាមអនុសញ្ញា និងច្បាប់អន្តរជាតិ ដោយពិចារណាលើការធានាបាននូវការបញ្ចប់អរិភាពរវាងប្រជាជាតិទាំងពីរ។ ការថយចុះភាពតានតឹងដែលសម្រេចបានតាមរយៈការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ០៤ ដែលបានព្រមព្រៀងរួចហើយដោយប្រទេសទាំងពីរ គឺ “ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន, ការបោសសម្អាតមីន, ការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងការគ្រប់គ្រងតំបន់ព្រំដែន”។

បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានចាប់ផ្តើមបង្កើតផែនការសកម្មភាព នៅក្នុងការកំណត់ពេលវេលា ដែលមានសកម្មភាពមួយចំនួនកំពុងដំណើរការរួចហើយ។ ឧទាហរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសទាំងសងខាងបានដករថក្រោះចេញពីតំបន់ព្រំដែនទៅកាន់មូលដ្ឋានដើមវិញ ជាកាយវិការជានិមិត្តរូបស្របតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន វាគឺជាការចាប់ផ្តើមនៃការអនុវត្តកិច្ចព្រមព្រៀងនេះ។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងយោធភូមិភាគទី២ នៃប្រទេសថៃ និងយោធភូមិភាគទី៤ នៃប្រទេសកម្ពុជា ដើម្បីលម្អិតបន្ថែមទៀត អំពីជំហានសម្រាប់ការកែតម្រូវកម្លាំង និងការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន។ កិច្ចប្រជុំក៏បានកំណត់ពេលវេលាសម្រាប់ការអនុវត្តជាប្រព័ន្ធនៃជំហានទាំងនេះ។

លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានបញ្ជាក់ថា៖ «ប្រសិនបើលក្ខខណ្ឌទាំង៤នេះ មិនទទួលបានលទ្ធផលទេនោះ កងទ័ពថៃ អាចពិចារណាលើវិធានការផ្លូវច្បាប់ និងអន្តរជាតិបន្ថែមទៀត ដើម្បីរក្សាអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសថៃ»។

ពាក់ព័ន្ធការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ភាគីកម្ពុជាមិនទាន់មានប្រតិកម្មឆ្លើយតបនៅឡើយទេ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ជាពិសេសលក្ខខណ្ឌក្នុងសេចក្តីប្រកាសរួម ដែលគេហៅថា “កិច្ចព្រមព្រៀងសន្តិភាព” រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ាន ជាសាក្សី៕