2025-11-07 08:44
16

ថៃ៖ ការដោះលែងកងកម្លាំងកម្ពុជាទាំង ១៨ រូប នឹងធ្វើឡើងនៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ ប៉ុន្តែត្រូវឆ្លងកាត់ការសម្រេចចិត្តពីខាងយោធាម្ដងទៀតសិន ទើបរដ្ឋាភិបាលថៃអាចអនុញ្ញាតទៅតាមកិច្ចព្រមព្រៀងបាន។

នាវេលាម៉ោង ០៦:២៥នាទីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះ នៅអាកាសយាន្តដ្ឋានទី២  នៃតំបន់ដនមឿង លោក Sihasak Puangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរបាយការណ៍ ស្តីពីការគ្រោងដោះលែងទាហានកម្ពុជាទាំង១៨ នាក់។

តាមការចេញផ្សាយដោយ Khaosod នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាក់ថា ការដោះលែងនេះគ្រោងធ្វើនៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែបញ្ហានេះត្រូវការការបញ្ជាក់ពីភាគីយោធាម្ដងទៀតសិន។ លោកក៏បានសង្កត់ធ្ងន់ថា ការដោះលែងនេះ គឺធ្វើឡើងតាមលក្ខខណ្ឌដែលកំណត់ដោយអាជ្ញាធរថៃ ពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបើកតំបន់ឱ្យភាគីថៃចូលទៅបោសសម្អាតមីន។ 

លើសពីនេះ លោក Sihasak រំលេចបន្ថែមថា ចំពោះការគ្រោងដោះលែងកងកម្លាំងកម្ពុជាខាងលើ មិនពាក់ព័ន្ធនឹងការដោះដូរឬការដាក់សម្ពាធពីបរទេសណាមួយនោះទេ។ ម្យ៉ាងវិញទៀត ទាក់ទិននឹងរបាយការណ៍ដែលថាការចេញផ្សាយនេះអាចទាក់ទងនឹងការដាក់ទណ្ឌកម្មពន្ធពីអាមេរិកលើការនាំចូលរបស់ថៃនោះ លោក ស៊ីហាសាក់ បានបដិសេធថាមិនមានការទាក់ទងគ្នាទេ។

សូមជម្រាបឲ្យដឹងថា កាលពីថ្ងៃទី០៦ វិច្ឆិកា ម្សិលមិញនេះ ក្រោយកាសែតថៃបានចុះផ្សាយថា ពួកគេនឹងដោះលែងកងកម្លាំងកម្ពុជាទាំង១៨ រូប នៅថ្ងៃទី១២ វិច្ឆិកា ឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញនោះ ស្រាប់តែ លោក វិនថៃ សូវ៉ារី អ្នកនាំពាក្យកងទ័ពថៃចេញមកបញ្ជាក់ភ្លាមថា ជុំវិញការចេញផ្សាយនេះគឺនៅមិនទាន់ច្បាស់ការនៅឡើយ ពោលគឺស្ថិតនៅក្នុងការពិចារណា ដោយលោកបញ្ជាក់បន្ថែមថា លុះត្រាតែកម្ពុជាបំពេញនូវលក្ខខណ្ឌចំនួន ២ គឺការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងដល់ការដោះមីន ទើបថៃព្រមដោះលែងកងកម្លាំងកម្ពុជា៕