2025-11-07 10:41
15

ថៃ៖ នៅក្លឹបកងទ័ពភូមិន្ទថៃ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក Boonsin Padklang ទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក និងជាអតីតមេបញ្ជាការយោធភូមិភាគទី២ បានពិភាក្សាអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងប្រាសាទតាក្របី។

បើទោះបីជារូបកាយបានចូលនិវត្តន៍ហើយក្ដី ប៉ុន្តែអតីតមេបញ្ជាការយោធភូមិភាគទី២ថៃរូបនេះ នៅតែចិញ្ចឹមចិត្តចង់កាន់កាប់ប្រាសាទតាក្របី ដែលជាសម្បត្តិមរតករបស់ខ្មែរទាំងស្រុងដដែល។

តាមការចេញផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា លោក ប៊ុនស៊ីន បានសម្ដែងការគាំទ្រដល់មេទ័ព នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ដោយបញ្ជាក់ថា ប្រាសាទតាក្របីនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់ថៃដដែល។

បន្ថែមពីនោះ នៅពេលត្រូវបានលើកឡើងអំពីមតិផ្សេងៗគ្នា ជុំវិញការអំពាវនាវឱ្យប្រើកម្លាំងដើម្បីយកប្រាសាទតាក្របី និងមតិខ្លះទៀតជំរុញឱ្យយោធាថៃមានការអត់ធ្មត់ លោក Boonsin បាននិយាយថា វិធីសាស្រ្តទាំងពីរអាចដំណើរការស្របគ្នា។ 

ក្នុងន័យនេះ អតីតមេបញ្ជាការយោធភូមិភាគទី២ រូបនេះ ចង់បញ្ជាក់ថា ប្រសិនជាប្រាសាទតាក្របីមិនស្ថិតក្រោមការគ្រប់គ្រងរបស់ថៃទេ នោះយោធាថៃអាចនិងប្រើកម្លាំងបាយផង និងការអត់ធ្មត់ទន្ទឹមគ្នាផង។

គួរបញ្ជាក់ឲ្យដឹងថា តាមការបញ្ជាក់របស់រដ្ឋាភិបាល ក្រោយការផ្ទុះអាវុធរយៈពេល ៥ថ្ងៃជាមួយយោធាថៃ ប្រាសាទតាក្របីនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាដដែលពោលគឺ ប្រាសាទតាក្របីនៅតែស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា៕