អ៊ីស្តង់ប៊ុល៖ កាលថ្ងៃសុក្រ ទី០៧ វិច្ឆិកា ២០២៥ នេះ រដ្ឋាភិបាលតួកគី បានប្រកាសថា ពួកគេចេញដីកាចាប់ខ្លួនចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្រ្តីជាន់ខ្ពស់ជាច្រើនក្នុងរដ្ឋាភិបាលរបស់គាត់ ដោយចោទប្រកាន់ ពីបទ៖ “អំពើប្រល័យពូជសាសន៍” និង បទ៖ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ក្នុងសង្គ្រាមនៅតំបន់ហ្គាសា។ នេះបើយោងតាមចុះផ្សាយរបស់ Al Jazeera។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយស្នាក់ការអយ្យការអ៊ីស្តង់ប៊ុល ដែលបានបញ្ជាក់ថា «មានមន្រ្តីសរុបចំនួន ៣៧ នាក់ ត្រូវបានចេញដីការចាប់ខ្លួន។ ក្នុងចំណោមបញ្ជីនោះ មានរួមបញ្ចូលនាយករដ្ឋមន្ត្រី Netanyahu, រដ្ឋមន្ត្រីការពារជាតិ Israel Katz, រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir និងមេបញ្ជាការកងទ័ព Lieutenant General Eyal Zamir។
តួកគីបានចោទប្រកាន់ថា មន្រ្តីអ៊ីស្រាអែលទាំងនេះពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ និងអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្នុងសង្គ្រាមប្រឆាំង ក្រុម Hamas និងក្នុងការបាញ់សម្លាប់មនុស្សដែលនាំជំនួយទៅតំបន់ហ្គាសា។
អ៊ីស្រាអែលបានឆ្លើយតបយ៉ាងខ្លាំង ដោយរដ្ឋមន្ត្រីការបរទេស Gideon Sa’ar បានប្រើពាក្យថា “ការប្រកាសនេះ គឺជាយុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្ម” របស់ប្រធានាធិបតីតួកគី Recep Tayyip Erdogan ហើយបានបដិសេធចោលចោទប្រកាន់ទាំងអស់។
ការចេញដីកាចាប់ខ្លួននេះកើតឡើងក្នុងបរិបទនៃភាពតានតឹងកើនឡើងនៅតំបន់អាស៊ីខាងលិច ខណៈដែលសង្គ្រាមនៅហ្គាសា បន្តបង្កការបាត់បង់ជីវិត និងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ តួកគីបានបង្ហាញការគាំទ្រដល់ជនជាតិប៉ាឡេស្ទីន និងបានចោទប្រកាន់អ៊ីស្រាអែល ជាប្រទេសដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕






