2025-11-10 07:28
3

ទីបំផុត! អតីតមេបញ្ជាការភូមិភាគទី២ របស់កងទ័ពថៃ លោកឧត្តមសេនីយ៍ឯក Boonsin Padklang បានបង្ហាញជាសាធារណក្នុងសុន្ទរកថាពិសេសមួយ កាលពីថ្ងៃសៅរ៍ថា «លោកបានផ្អើនប្រឆាំងទៅនឹងបញ្ជារបស់រដ្ឋាភិបាលក្រុងបាងកក ដែលបានស្នើឱ្យលោកបញ្ឈប់ការបាញ់គ្នាជាមួយកម្ពុជា បន្ទាប់ពីការប៉ះទង្គិចតាមបណ្តោយព្រំដែន ថៃ-កម្ពុជា ដែលបានផ្ទុះឡើងនៅចុងខែកក្កដាកន្លងមកនេះ»។ 

តាមការផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃអាទិត្យ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងសិក្ខាសាលានៅខេត្ត Nakhon Pathom លោក Boonsin បានថ្លែងថា «បន្ទាប់ពីមានការប៉ះទង្គិចកើតឡើងបាន៦ម៉ោងថ្នាក់លើបានបញ្ជាឱ្យកងទ័ពភូមិភាគទី២ ឈប់ប្រយុទ្ធ ប៉ុន្តែលោកបានបដិសេធមិនអនុវត្តតាមបទបញ្ជាឡើយ»។ 

លោកបានអះអាងថា «មូលហេតុដែលបណ្តាលឱ្យលោកបដិសេធមិនអនុវត្តតាមបទបញ្ជា របស់រដ្ឋាភិបាលក្រុងបាងកកនោះ គឺដោយសារតែចង់ដណ្តើមយកទឹកដី»។

អតីមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានបញ្ជាក់ថា៖ «ប្រាំមួយម៉ោងដំបូង នៅថ្ងៃទីមួយ នៃការប៉ះទង្គិចគ្នាជាមួយកងទ័ពកម្ពុជា ថ្នាក់លើបានបញ្ជាឲ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំជំទាស់ ហើយស្នើទៅមេបញ្ជាការផ្ទាល់របស់ខ្ញុំ សុំបន្តការសមរភូមិប្រយុទ្ធ ដើម្បីដណ្តើមយកទឹកដី…ប៉ុន្តែបើមិនធ្វើតាមបញ្ជានោះនឹងស្មើទោសប្រហារជីវិតសម្រាប់ពួកគេ»។

សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នាដោយកម្លាំងយោធាក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងខ្លាំងខ្លាបំផុត ដែលធ្វើឱ្យភាគីទាំងសងខាងមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ 

ដោយមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខក្នុងតំបន់ក្រោមការផ្តួចផ្តើមគំនិតរបស់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងមានការចូលរួមពីចិន ទើបកម្ពុជា និងថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀមបទឈប់បាញ់បន្ទាន់ នៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕