2025-11-21 07:27
18

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តលក់ប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះ Javelin និងគ្រាប់កាំភ្លើងបំពាក់ប្រព័ន្ធនាំផ្លូវ (GPS) Excalibur ចំនួនតម្លៃសរុប ៩៣ លានដុល្លារ ទៅឥណ្ឌា។ នេះបើតាមប្រកាសរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក (Defense Security Cooperation Agency - DSCA) នៅថ្ងៃពុធនេះ។

តាមទីភ្នាក់ងារ Reuter បានរាយការណ៍ថា ការទិញសម្ភារៈយោធាដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនេះ គឺជាការទិញលើកដំបូងរបស់ឥណ្ឌា តាមកម្មវិធីលក់សម្ភារៈយោធាអន្តរជាតិ (Foreign Military Sales) របស់វ៉ាសីងតុន បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានតានតឹងខ្លាំងក្នុងខែសីហា ដោយសារប្រធានាធិបតី ដូណាល់ ត្រាំ បន្ថែមពន្ធលើទំនិញឥណ្ឌា ចំនួន ៥០% ដើម្បីទទួលការដោះស្រាយចំពោះការទិញប្រេងរុស្ស៊ីរបស់អាស៊ីខាងត្បូង។

ការលក់ប្រព័ន្ធប្រឆាំងរថយន្តក្រោះ និងគ្រាប់រំសេវនេះ បានកើតឡើង បន្ទាប់ពីការបញ្ជាទិញឡើងវិញក្នុងខែនេះ នៃម៉ាស៊ីនយន្តហោះចម្បាំងដែលផលិតដោយ ក្រុមហ៊ុន General Electric ដើម្បីផ្តល់ថាមពលបន្ថែមទៀតនៃយន្តហោះចម្បាំង Tejas ដែលផលិតក្នុងស្រុករបស់ប្រទេសឥណ្ឌា។

Dsca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលក់ដែលបានស្នើឡើងនេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រអាមេរិក-ឥណ្ឌា និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់ដៃគូការពារជាតិដ៏សំខាន់ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង”។

Dsca បាននិយាយទៀតថា “រដ្ឋាភិបាលឥណ្ឌា បានស្នើសុំទិញកាំជ្រួចយុទ្ធសាស្ត្រ Excalibur រហូតដល់ ២១៦គ្រាប់ និងប្រព័ន្ធ Javelin ១០០ គ្រឿង។ ឥណ្ឌាបានប្រើប្រាស់គ្រាប់កាំភ្លើងធំ Excalabur រួចហើយ នៅក្នុងកាំភ្លើង M -777 howitzer របស់ខ្លួន៕