2025-11-21 09:47
18

ប្រេស៊ីល៖ អគ្គិភ័យមួយបានឆាបឆេះតាមស្តង់ជាច្រើន ក្នុងសាលតាំងពិពរណ៌ក្នុងកិច្ចប្រជុំអាកាសធាតុអង្គការសហប្រជាជាតិ COP30 នៅប្រទេសប្រេស៊ីល និងមានអ្នកចូលរួមរាប់ពាន់នាក់ ត្រូវបានបង្ខំជម្លៀសចេញពីកន្លែងកើតហេតុ នៅថ្ងៃព្រហស្បតិ៍នេះ នៅថ្ងៃបន្ទាប់នៃសន្និសីទអន្តរជាតិនេះ។ 

ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ចំនួន ១៣ នាក់ បានរងគ្រោះថ្នាក់ដោយសារការស្រូបផ្សែង និងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នករៀបចំកម្មវិធី បាននិយាយថា ស្ថានភាពអគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុងក្នុងរយៈពេលប្រហែលប្រាំមួយនាទីប៉ុណ្ណោះក្រោយពេលឆេះ។ មន្ត្រីពន្លត់អគ្គីភ័យបានបញ្ជាឱ្យជម្លៀសមនុស្សពីកន្លែងកើតហេតុទាំងមូលដែលបានចូលរួមក្នុងសន្និសីទ COP30 ហើយវាមិនច្បាស់ទេថា នៅពេលណាកិច្ចប្រជុំនឹងបន្តឡើងវិញនោះទេ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រេស៊ីល លោក Celso Sabino បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា “អគ្គីភ័យបានចាប់ផ្តើមនៅជិតស្តង់ពិពណ៌របស់ប្រទេសចិន ដែលស្ថិតក្នុងចំណោស្តង់ជាច្រើន ដែលត្រូវបានបង្កើតឡើង សម្រាប់ព្រឹត្តិការណ៍នៅខាងក្រៅនៃកិច្ចពិភាក្សាស្តីពីអាកាសធាតុ”។

លោក Samuel Rubin ដែលជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលទទួលបន្ទុកផ្នែកកម្សាន្ត និងវប៌្បធមបាននិយាយថា “ភ្លើងបានរាលដាលយ៉ាងឆាប់រហ័សដល់ស្តង់នៅជិតខាង”។ លោកបាននិយាយទៀតថា “ភ្លើងបានឆាបរាលដាលទៅកាន់ស្តង់ជិតខាង ដោយរួមមាន ស្តង់របស់ប្រទេសអាហ្វ្រិកជាច្រើន និងស្តង់ក្រុមយុវជន”។ 

លោក Helder Barbalho អភិបាលរដ្ឋ Pará បានប្រាប់សារព័ត៌មាន G1 ថា “អាចមានការឆ្លងចរន្តអគ្គិសនី ឬសៀគ្វីខ្លីនៅក្នុងស្តង់ណាមួយទើបបណ្តាលឱ្យភ្លើងឆេះបែបនេះ”។

Gabi Andrade អ្នកស្ម័គ្រចិត្ត COP30 ម្នាក់ បានប្រាប់ថា ពេលភ្លើងកើតឡើង គាត់ទើបតែត្រឡប់ពីសម្រាកបាយថ្ងៃ និងកំពុងដើរទស្សនាស្តង់សិង្ហបុរី។ នាងបានឃើញផ្សែងខ្មៅហុយឡើង។ បុគ្គលិកសន្តិសុខម្នាក់ ទាញដៃនាង ហើយនាំនាងចេញក្រៅ ខណៈដែលនាងយំ និងស្រែកថា “ភ្លើងៗ”។ 

ក្រោយព្រឹត្តិការណ៍នេះ នាងបាននិយាយដោយសោកស្តាយថា ព្រួយបារម្ភពីរូបភាព និងកេរ្តិ៍ឈ្មោះរបស់ប្រេស៊ីល ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំអាកាសធាតុ COP30 “វាធ្វើឱ្យយើងពិបាកចិត្តណាស់។ យើងបានខំធ្វើការខ្លាំងណាស់សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ”៕